Connect with us

ព័ត៌មានជាតិ

អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ ស្រែករកយុត្តិធម៌ ក្រោយបង្រៀនរយៈពេល១៦ឆ្នាំ ត្រូវប្រធានការិយាល័យអប់រំក្រុង បញ្ឈប់ហើយដាក់បក្ខពួកគេ

បន្ទាយមានជ័យ ៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ បង្រៀននៅសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្រែករកយុត្តិធម៌ បន្ទាប់ពីត្រូវបានប្រធានការិយាល័យអប់រំក្រុងបញ្ឈប់លែងអោយបង្រៀន ក្រោមហេតុផលថា អ្នកគ្រូចាស់ពេកហើយ ។

លោកស្រី អឿ មុន្នី គ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុក អាខនផ្ទាល់ខ្លួន និងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ប័ណ្ណសសើរ និងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែត និងសិស្សក្នុងសាលារៀន អមដោយសំណេរដែលមានខ្លឹមសារថា “សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន  ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដែលបានស្ម័គ្រចិត្តជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្តចាប់ពីឆ្នាំ២០០៦ដល់២០២៣នេះមានរយៈពេល១៦ឆ្នាំហើយ” ។

អ្នកគ្រូបានបញ្ជាក់ថា កាលពីឆ្នាំ២០០៦ អ្នកគ្រូបង្រៀនទទួលបានប្រាក់ខែ១ខែចំនួន១៣ម៉ឺនរៀល នៅឆ្នាំ២០២៣ នេះទទួលបានប្រាក់ខែ១ខែចំនួន១.១២០.០០០រៀល ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកនាយកសាលា និងមន្ត្រីការិល័យអប់រំក្រុងប៉ោយប៉ែត បានបញ្ឈប់នាងខ្ញុំ មិនឱ្យបង្រៀននៅសាលាបឋមសិក្សាសុខសាន្តទៀតទេ ហើយលោកនាយកសាលាបឋមសិក្សាសុខសាន្តដាក់ប្អូនប្រុសរបស់គាត់២នាក់ មកបង្រៀនជំនួសដែលជាគ្រូជាប់កិច្ចសន្យាដូចគ្នាទៅវិញ ហើយប្រាប់គាត់ថាចាស់ហើយឈប់ទៅ។

អ្នកគ្រូបានបញ្ជាក់ថា គាត់មិនតវ៉ាទេចំពោះការបញ្ឈប់មិនឱ្យគាត់បង្រៀនតទៅទៀត ប្រសិនបើការិយាល័យអប់រំក្រុងដាក់គ្រូក្របខ័ណ្ឌមកបង្រៀនជំនួសអ្នកគ្រូ តែនេះមិនអញ្ចឹងឯណា បញ្ឈប់គ្រូកិច្ចសន្យាមិនឱ្យបង្រៀន ហើយដាក់ជំនួសមកវិញនូវគ្រូកិច្ចសន្យាដូចគ្នាត្រូវជាប្អូនរបស់នាយកសាលាថែមទៀតផង ។ អ្នកគ្រូរស់នៅក្នុងភូមិសុខសាន្ត តែចំណែកគ្រូបង្រៀនជាប់កិច្ចសន្យា២នាក់ ដែលជាសាច់ញាតិលោកនាយកមិនមែនជាអ្នកស្រុកនិងរស់នៅក្នុងភូមិនេះឡើយ។អ្នកគ្រូពោលពាក្យថា ដូចបទចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រគ្រូល្អនោះនៅឯណា លោកនាយកធ្វើបែបនេះ វាដូចជាអយុត្តិធម៌ពេកហើយចំពោះខ្ញុំ ធ្វើបែបនេះដូចជាកាច់បំបាក់ដៃទាំងសងខាងរបស់ខ្ញុំចឹង ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានប្រាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា តាមពិតអ្នកគ្រូ អឿ មុន្នី គាត់មានវ័យចំណាស់ហើយ មានធ្វើកិច្ចសន្យានៅការិយាល័យអប់រំក្រុងប៉ោយប៉ែត សុំបង្រៀនរយៈពេល១ឆ្នាំពេលនេះ ដល់កិច្ចសន្យាទើបសុំអោយអ្នកគ្រូឈប់សម្រាក ដើម្បីអោយក្មេងៗ ជំនាន់ក្រោយ បានបង្រៀនជួយលើវិស័យអប់រំនេះវិញម្តង ៕