Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ០១នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ

(បាត់ដំបង) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយពីគេបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលម្ចាស់បានទុកនៅលើតុមុខផ្ទះកន្លែងលក់ដូរ ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងដែរ។

ជនរងគ្រោះ ឈ្មោះ ឈិន ស៊ីណែត ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ខ្លួនបានទុកទូរស័ព្ទដៃម៉ាកVIVO .V25I ពណ៌ខ្មៅ០១គ្រឿងនៅលើតុខាងមុខផ្ទះកន្លែងលក់ដូរ លុះក្រោយមកក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំជាង បានធ្វើសកម្មភាពលួច និងបានឡើងជិះម៉ូតូបំរុងរត់គេច ភ្លាមនោះ កម្លាំងសមត្ថកិច្ចដែលកំពុងធ្វើដំណើរតាមផ្លូវចំណុចខាងលើ រួមជាមួយខ្លួនជាជនរងគ្រោះ បានតាមឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កែវ ណាង ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងដកហូតវត្ថុតាង ,ទូរស័ព្ទដៃ ម៉ាកVIVO. V25I ពណ៌ខ្មៅ ០១គ្រឿងភ្លាមៗផងដែរ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿង  បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។