Connect with us

ព័ត៌មានជាតិ

សង្គ្រាមអ្នករត់ម៉ូតូកង់បី មនុស្ស៤នាក់ដេកពេទ្យ ៥នាក់ត្រូវអាវុធហត្ថចាប់ខ្លួន

បន្ទាយមានជ័យ ៖ ជនសង្ស័យជាអ្នករត់ម៉ូតូកង់បី ចំនួន០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៤នាក់​ ១-ឈ្មោះ​ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ, ២-ឈ្មោះ​ គឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ, ៣-ឈ្មោះ​ មួន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ​ ផាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដោយឡែក ជនសង្ស័យទាំង៥នាក់ មាន ៖ ១-ឈ្មោះ​ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ, ២-ឈ្មោះ​ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ, ៣-ឈ្មោះ​ សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ, ៤.ឈ្មោះ​ សោ ភារ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ, ៥.ឈ្មោះ​ សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទាំង៥នាក់ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន វត្ថុតាង មួយចំនួនដូចជា ៖ ១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ដើម,​ ២-ដំបងទីបដែក ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម,​ ៣-ម៉ូតូកង់ចំនួន៤គ្រឿង,​ ៤-រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។ ៥-ទូរសព្ទម៉ាកអាយហ្វូន១៣ ប្រមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង,៦-ទូរសព្ទម៉ាក Infinix ពណ៌ស ចំនួន០១គ្រឿង,​ ៧-ទូរសព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៨-ទូរសព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបញ្ជាក់ថា​ តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ​ ផាន សុខហេង​ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់​ បានរៀបរាប់ថា​ កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប្អូនប្រុសរបស់ខ្លួនឈ្មោះ​ ផាន សុខជា បានទូរស័ព្ទមកប្រាប់រូបខ្លួនថា មានក្រុមរត់កង់បីថ្មីមានគ្នាប្រហែល០៤នាក់​ បានមករត់នៅបេនរបស់គេ លឺដូចនោះ រូបខ្លួនបានខលទៅឪពុករបស់ខ្លួន ឱ្យមកមើលព្រោះគាត់ជាចាស់ទុំ ហើយឪពុកនិងរូបខ្លួន បានទៅដល់បេនរត់កង់បីរបស់ប្អូនប្រុស និងឃើញមានគ្នីគ្នាប្អូននៅជាមួយគ្នាដែរ និងបានប្រាប់ទៅក្រុមរត់កង់បីថ្មីនោះថា មិនឱ្យរត់នៅទីនោះទេ ប៉ុន្តែក្រុមអ្នករត់កង់បីថ្មីនោះមិនព្រមស្តាប់ ហើយនាំគ្នាខលហៅមេរបស់ខ្លួន ឈ្មោះ​ ពៅ ឲ្យមក ពេលមកដល់ឈ្មោះ ពៅ បាននិយាយថា អាណាកាងនៅទីនេះ ចាប់វាយខ្ចោះ អញមេនៅទីនេះ ស្រាប់តែនាំគ្នាព្រួតវាយមកលើរូបខ្លួន និងប្អូន ហេីយពួកខ្លួនបានវាយតបទៅវិញដេីម្បីការពារខ្លួន​ តែភាគីបង្កមានកាំបិត​និងដំបងដែក បានកាប់និងវាយមកលើរូបខ្លួន និងប្អូនប្រុស រួមទាំងបក្ខពួកអ្នករត់បង់បី ដែលនៅទីនោះ​ បណ្តាលឱ្យប្អូនប្រុសខ្លួន រងរបួសចំក្បាលសន្លប់​ និងអ្នកផ្សេងរបួសច្រើននាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕