Connect with us

ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត ក្រុមក្មេងទំនើងចាប់ផ្តើមដេញកាប់គ្នា យ៉ាងអាណាធិបតេយ្យទៀតហើយ

ប៉ោយប៉ែត ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មួយរយៈដើមឆ្នាំ២០២៤ សកម្មភាពក្មេងទំនើងដេញកាប់គ្នាហាក់កំពុងកក្រើកឡើងវិញ ខណៈដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ជាពិសេសលោកស្នងការ និងមេបញ្ជាការអាវុធហត្ថខេត្ត បានយកចិត្តទុកដាក់លើការបង្ក្រាប និងអប់រំលើក្មេងទំនើង បងតូចបងធំ យ៉ាងខ្លាំងកាលពីអំឡុងចុងឆ្នាំ២០២៣ ។

ជាក់ស្តែងសកម្មភាពដេញកាប់ចាក់នេះ បានកើតឡើងជាបន្តបន្ទាប់ និងថ្មីម្តងទៀត កាលពីយប់រំលងអាធ្រាត្រចូល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានយុវជនមួយក្រុម មានគ្នាបីនាក់ បានធ្វើសកម្មភាពដេញកាប់យុវជនម្នាក់ តាំងពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់រង្វង់មូលមុខច្រកអន្តរជាតិស្ទឹងបត់ កាត់មុខកន្លែងសមត្ថកិច្ច ជាច្រើនកន្លែងបណ្តាលអោយយុវជនម្នាក់អាយុប្រហែល២០ឆ្នាំ ដែលបើកម៉ូតូរត់ពីការដេញកាប់ រងរបួសធ្ងន់ដៃម្ខាង ត្រូវបានក្រុមជួយសង្គ្រោះសង្គ្រោះទៅកាន់មន្ទី ពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយក្រុមអ្នកដេញកាប់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីត្រូវសមត្ថកិច្ចដេញតាមចាប់ខ្លួន។

ហេតុការដេញវ៉ៃកាប់គ្នាពីសំណាក់ក្រុមក្មេងទំនើងនេះដែរ ក៏បានកើតឡើងរួចម្តងហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ទាំងថ្ងៃ នៅចំនុចមុខកន្លែងលក់រថយន្ត ផ្លូវស្តងតាងួន ដោយក្រុមក្មេងទំនើងហាក់ដូចជាមិនខ្លាចសមត្ថកិច្ច ដែលកំពុងអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំ លើការបង្រ្កាបពួកគេឡើយ ។ តាមរយៈរូបភាពសកម្មភាព ដេញវ៉ៃកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យនេះ កំពុងតែធ្វើអោយពលរដ្ឋក្រុងប៉ោយប៉ែតមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថភាពពួកគាត់ និងកូនចៅរបស់ពួកគាត់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹវថា បន្ទាប់ពីសមត្ថកិច្ទទទួលបានព័ត៌មាន ពីការដេញកាប់យុវជនម្នាក់អោយរបួស សមត្ថកិច្ចរបស់លោក បានចុះបង្រ្កាបភ្លាមៗ តែក្រុមក្មេងបង្ក បានព្យាយាមរត់គេច បន្សល់ទុកនូវវត្ថុតាងមានកាំបិត១ដើម ដែលកាប់ទៅលើជនរងគ្រោះ និងម៉ូតូហុងដា ឌ្រីម១គ្រឿង ត្រូវបានយកទៅរក្សាទុក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកំពុងស្រាវជ្រាវ រកចាប់ជនបង្ក ដើម្បីផ្តន្ទាទោសតាមច្បាប់។

លោកបន្តថា រឿងក្មេងទំនើងនេះ ក្រោយពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកតែងតែអនុវត្តជាប្រចាំ ដោយបែងចែកកម្លាំង ធ្វើការត្រួកពិនិត្យ និងល្បាតរាល់យប់ ក្នុងនោះសមត្ថកិច្ចយើង បានបង្រ្កាបបានជាច្រើនករណីផងដែរ ៕