Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពីបទ ជួញដូរថ្នាំញៀនខុសច្បាប់

បាត់ដំបង ៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លើទីតាំងពីរផ្សេងគ្នា ចំណុចទីលានចាក់សម្រាមស៊ិនទ្រី ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទ ជួញដូរថ្នាំញៀនខុសច្បាប់ ។

សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើង ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក​ រ៉ុង​ ប៉ុក​ មេបញ្ជាការរងទទួលការងារ​ស្រាវជ្រាវ​ បង្ក្រាបបទល្មេីស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់ រួមមាន ៖ ១-ឈ្មោះ​​​ ម៉ូ ប៉ុល ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរទិញអេតចាយ ទីលំនៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ២-ឈ្មោះ លី គឹមសួអី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ៣-ឈ្មោះ សេង ប៊ុនសុង ហៅប្រុស ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៤-ឈ្មោះ អ៉ឹង ផានិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE)​​ ចំនួន១០កញ្ចប់ ទម្ងន់២៩៨,៧១ក្រាម, ទូរស័ព្ទដៃ០៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង, ម៉ូតូ ០២គ្រឿង​​ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន, ប្រាក់ចំនួន ៥,០០០,០០០ រៀល, កូនកាំបិត០១ដើម។

ក្រោយពីឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យនិងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី