Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាល ឃាត់រថយន្តធុនធំ ០២គ្រឿងអនុវត្តតាមផ្លូវច្បាប់

បាត់ដំបង​ ៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានចុះ​អនុវត្ត​ឃាត់​បាន​រថយន្ត​ធុនធំចំនួន ០២គ្រឿង បន្ថែមទៀត ក្នុងករណីល្មើសច្បាប់ហាម​ចូល​ក្រុង។​

​លោក​វរសេនីយ៍ទោ អ៊ុន សុភាព នាយរងការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​ប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៤នេះ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ ក៏ដូចជា​យោបល់​របស់លោក វរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ជាប្រចាំ​និង​ឃាត់​បាន​រថយន្ត​ល្មើស​ជា​បន្តបន្ទាប់ ហើយ​ជាក់ស្តែង​នៅព្រឹកនេះដែរ​ក៏បាន​ធ្វើ​ការឃាត់​រថយន្ត​ល្មើស​បាន​ចំនួន ០​២គ្រឿង​បន្ថែមទៀត​ផងដែរ។​

​លោកនាយ​រងការិយាល័យ​ដដែល​បាន​បញ្ជាក់ថា ចំពោះ​រថយន្ត​ធុនធំដឹកធ្ងន់គ្រប់ប្រភេទច្បាប់មិនអនុញ្ញាតអោយចូលក្រុងនោះទេ ព្រោះកាលណាបើកចូលក្រុង វាធ្វើអោយទីមួយខូចផ្លូវ ទីពីរស្ទះចរាចរណ៍ ហើយជាគោលការរបស់លោកប្រធានការិយាល័យ ចំពោះរថយន្តល្មើសច្បាប់ទាំង០២គ្រឿង​នេះត្រូវបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវីធី។

ជាមួយគ្នានេះដែរ លោក​ អ៊ុន សុភាព តំណាងអោយប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ក៏សូមអំពាវនាវទៅដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ ក៏ដូចជាអ្នកបើកបរប្រើប្រាស់ប្រភេទយានយន្តធុនធំទាំងអស់ សូម​កុំអោយចូលក្រុងទៀត ជៀសវាងកុំអោយខូចផ្លូវ និងកកស្ទះចរាចរណ៍ ហើយបើនៅតែចូលសមត្ថកិច្ចនិងមានវិធានការតាមផ្លូវច្បាប់ ហើយក៏សូមសំណូមពរដល់បងប្អូនធ្វើការ​ដឹកជញ្ជូន​គោរព​តាមច្បាប់​កំណត់​របស់​ក្រសួង​សាធារណការ ដោយ​ដឹក​អោយបាន​ត្រឹមត្រូវ កុំ​ដឹក​សំពីងសំពោង ហើយ​រថយន្ត​កុំអោយ​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ដែល​វា​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ធ្វើអោយ​ខូចខាត​ទាំង​សម្ភារ​និង​អាយុជីវិត​ដូច្នេះ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕

ដោយ ៖ សាលី