Connect with us

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា ៖ យន្តការច្រកចេញចូលតែមួយ ទទួលបានការសាទរពីប្រទេសស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក

បន្ទាយមានជ័យ ៖ ការប្រព្រឹត្តិទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នៃយន្តការច្រកចេញចូលតែមួយ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប. បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីនាឱកាសនោះថា យន្តការច្រកចេញចូលតែមួយ បាននឹងកំពុងដំណើរការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រយៈពេល១៣ឆ្នាំមកហើយ ដោយទទួលបាននូវការពេញចិត្ត និងអបអរសាទរជាអតិប្បមាពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកស្នើសុំសេវានានា។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ជាដៃគូផងដែរ តួយ៉ាងរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ និងធនាគារពិភពលោក សុទ្ធតែបង្ហាញការទទួលស្គាល់ដូចៗគ្នាអំពីគុណភាពនិងភាពលឿនរហ័ស ធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន លើការពង្រីកយន្តការពីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតបច្ចុប្បន្នកំពុងបន្តពង្រីកដល់ថ្នាក់ឃុំ សង្កាត់។

ឯកឧត្តម អភិសន្តិបណ្ឌិត បានបន្ថែមទៀតថា គិតត្រឹមដើមឆ្នាំ២០២៤ នេះ គ.ជ.អ.ប. បានសម្របសម្រួលការផ្ទេរមុខងារជាមួយក្រសួង-ស្ថាប័ននានាបានប្រមាណជាង៨០០មុខងារ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តប្ដេជ្ញាចិត្តក្នុងការពង្រីកការផ្ទេរមុខងារបន្ថែមទៀតជាជំហ៊ានៗ ជាក់ស្ដែងនៅដើមឆ្នាំ២០២៤នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានទទួលការផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំ។

ពីវេទិកាអធីបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តថែរក្សាការពារសុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រកបានដោយកម្រ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ការអនុវត្តកម្មវិធីស្ដង់ដារសាលារៀនគម្រូរបស់រាជរដ្ឋាភិបាល ការបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ការថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ រួមទាំងសមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ ព្រមទាំងបានអំពាវនាវមាតាបិតា និងអាណាព្យាបាលបន្តការជំរុញនិងគាំទ្រកូនចៅឱ្យបានបន្តការសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២៕