Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចំការអំពៅនៅស្រុកឆែប បច្ចុប្បន្នកំពុងដំណើរការលើវិស័យកសិកម្ម​ធម្មតា មិនដូចការផ្សព្វផ្សាយថា ក្រុមហ៊ុនក្ស័យធន់នោះទេ

ព្រះវិហារ៖ កន្លងមកថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា ក្រុមហ៊ុនចំការអំពៅនៅស្រុកឆែប ខេត្តព្រះវិហារ បានក្ស័យធន់ក៏ដូចជាក្រុមហ៊ុនអត់ដំណើរការ ទើបមានបងប្អូនប្រជាពលរដ្ឋ យើងមួយចំនួនតូច បានឆ្លៀតឱកាសឈូសឆាយវាទីយកដីក្រុមហ៊ុនដែលរាជរដ្ឋាភិបាលបាន​សម្បទាន​ឱ្យក្រុមហ៊ុន ។

ពាក់ព័ន្ធការចុះផ្សាយព័ត៌មាននេះ តំណាងក្រុមហ៊ុន លោក ហួង ទង់យែក អគ្គនាយករងក្រុមហ៊ុនចំការអំពៅ រូយ ហ្វេង cambodia international company limited នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ​បានបំភ្លឺជូនក្រុមហ៊ុនអ្នកព័ត៌មានយើងថា ក្រុមហ៊ុនមិនបានក្ស័យធន់ ឬមិនដំណើរការសកម្មភាពវិនិយោគ ដូចការចុះផ្សាយព័ត៌មានមួយចំនួនតូចនោះទេ ។ កន្លងមក ដោយសារកន្លងមកវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុនបានផ្អាកផលិតស្ករអំពៅជាបណ្ដោះអាសន្ន ហើយបញ្ហាកូវីដ បានធូរស្រាលក្រុមហ៊ុនបានដំណើរការលើវិស័យកសិកម្ម សាកវប្បកម្ម ម្រេច ដំឡូង ស្រូវជាដើម អ្វីដែលសំខាន់នោះ គឺក្រុមហ៊ុនបង់ពន្ធជូនរដ្ឋ ជារាងរាល់ឆ្នាំ ។ ដោយឡែក ពាក់ព័ន្ធរោងចក្រផលិតស្ករ ក្រុមហ៊ុនបានផ្អាកដំណើរការបណ្ដោះអាសន្នពិតមែន ប៉ុន្តែពាក់ព័ន្ធ និងដីធ្លីកសិកម្មខាងក្រុមហ៊ុននៅដំណើរការធម្មតា ។

លោកអគ្គនាយករងក្រុមហ៊ុន បានបន្តថា កន្លងមកប៉ុន្មានឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋយើង បាន​ទទួលដំណឹងមិនពិតថា ក្រុមហ៊ុនចំការអំពៅបានក្ស័យធន់ ពួកគាត់​ក៏​បាន​យល់ច្រឡំ​ចូលមកវាទី​យក​ដីសម្បទានរបស់ក្រុមហ៊ុនជាច្រើន ដូចនេះ ក្រុមហ៊ុនជូនដំណឹង​តាមរយៈ​សារព័ត៌មាន ​តាម​រយៈអាជ្ញាធរ ​ឱ្យ​ដល់បងប្អូនប្រជាពលរដ្ឋ ឈប់ជឿ ​ឫស្ដាប់ព័ត៌មានមិនពិតថា​ ក្រុមហ៊ុនក្ស័យធន់ នាំគ្នា​មកចាប់ដីក្រុមហ៊ុន ​ដែលរាជរដ្ឋាភិបាលបាន​សម្បទាន​ ​បន្ដ​ទៅទៀត ជៀសវាង​ការខាតបង់ពេលវេលា ក៏ដូចថវិការបស់បងប្អូនប្រជាពលរដ្ឋបន្ដទៅទៀត។

តំណាងក្រុមហ៊ុន បានបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនតូច បានលួចភ្ជួរដីទាំងយប់ ទាំងថ្ងៃនៅលើដីរបស់ក្រុមហ៊ុន ក្រុមហ៊ុនក៏បានធ្វើការទប់ស្កាត់ និងជូនដំណឹង ទៅអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តព្រះវិហារផង សុំការអន្តរាគមន៍ផងដែរ។

ក្រោយទទួលបានការជូនដំណឹងពីក្រុមហ៊ុន រដ្ឋបាលខេត្តព្រះវិហារ ក៏បាន​ចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣កន្លងទៅ ដោយយោងតាមអនុក្រឹត្យលេខ១១៨ អនក្រ.បក ចុះថ្ងៃទី ៧ខែតុលា ឆ្នាំ២០០៥ ស្ដីពីការគ្រប់គ្រងដីរដ្ឋ ដោយរដ្ឋបាលខេត្តជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគលើដំណាំអំពៅ អាកាស្យា និងដំណាំសាកវប្បកម្ម ( ម្រេច ដំឡូងឈើ ស្វាយចន្ទី និងដំណាំស្រូវ ) ជូនក្រុមហ៊ុនចំនួន៥ គឺ ក្រុមហ៊ុន រូយ ហ្វេង .ឡាន ហ្វេង .ហេងរូយ . ហេងយូ .និងហេងណុង cambodia international company limited ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។ដោយកន្លងមក ក្រុមហ៊ុនបានដំណើរការសកម្មភាពវិនិយោគយ៉ាងរលូន​រហូតដល់ឆ្នាំ ២០១៩ ដោយសារបញ្ហាជំងឺកូវីដ ក្រុមហ៊ុនបានផ្អាកសកម្មភាពវិនិយោគ​ជា​បណ្ដោះ​អាសន្ន​មួយរយៈ ​ធ្វើឱ្យទីតាំងដីក្រុមហ៊ុនដែលធ្លាប់បានដាំដុះកន្លងមក​ នៅទំនេរ ខណៈនោះ ក៏មានប្រជាពលរដ្ឋ​មួយចំនួន​ចូលមក​ដាំដុះអាស្រ័យផល​លើទីតាំងដីនេះ ។ បន្ទាប់មកទៀត ដោយ​មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការផ្ដល់វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេស រហូត​គ្រប់គ្រងសភាពការណ៍បាន ​និងដាក់ឲ្យដំណើរការប្រទេសជាប្រក្រតីឡើងវិញ ហើយក្រុមហ៊ុន​ក៏បានរៀបចំដំណើរការសកម្មភាពវិនិយោគ ​និងដាំដុះឡើងវិញផងដែរ ។ ដូច្នេះរដ្ឋបាល​ខេត្តព្រះវិហារ ​សូមជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋ ​ឬអ្នកពាក់ព័ន្ធផ្សេងៗ ដែលមកដាំដុះលើ​ទីតាំង​ដីរដ្ឋ​សម្បទានឲ្យក្រុមហ៊ុនទាំង ៥នេះ ចាកចេញដោយ​មិន​អនុញ្ញាតឲ្យ​ដាំដុះ ឬចាត់ចែងលើទីតាំងដីរដ្ឋ ​ដែលបានចុះបញ្ជីរួចរាល់នេះទៀតទេ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនចំការអំពៅស្ថិតនៅស្រុកឆែប ស្រុកជ័យសែនស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចុះត្រាជាមួយរាជរដ្ឋាភិបាលរយៈពេល៥០ឆ្នាំ ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០៦១ ៕