Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពលរបស់ប្រទេសជាតិ

កំពង់ស្ពឺ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងថា កុមារគឺជាអ្នកបន្តវេនប្រកបដោយសក្តានុពលរបស់ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។។ការណ៍នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសិក្សាមួយខ្នង៥បន្ទប់ស្ថិតនៅក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការអប់រំប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រនិងដោះស្រាយបញ្ហាលទ្ធភាពទទួលបានការអប់រំរបស់សិស្ស ពិសេសលើកុមារដែលមានតម្រូវការនិងក្រុមដែលខ្វះខាត ហើយគោលនយោបាយនេះក៏ផ្តោតលើហេដ្ឋារចនាសម្ពន្ធ័សាលារៀននិងអនាម័យ។ដូច្នេះមានន័យថា ថ្ងៃនេះយើងទទួលបានសមិទ្ធិផលថ្មីដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ជំរុញឱ្យមានការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំក៏ដូចជាការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចឆ្នាំ២០៣០។

លោកបន្តថា កុមារនៅកម្ពុជាត្រូវបានការពារ ការជួយឧបត្ថម្ភគាំទ្រ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់អាហារូបត្ថម្ភ ការអប់រំរៀនសូត្រត្រូវបានលើកម្ពស់ជាបន្តបន្ទាប់។ក្នុងនោះដែរ យុវជនជាសសរទ្រូង ជាកម្លាំងស្នូលដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ដែលពួកគេនឹងក្លាយជាអ្នកដឹកនាំ គ្រប់គ្រងស្ថាប័នក្លាយជាមេដឹកនាំគ្រួសារ។

ជាមួយនោះដែរ កម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំពារនិងជម្រុញការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមធម៌ ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់រូបទទួលបាននូវការគាំពារតាំងពីកុមារភាព។ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺកុមារទាំងអស់ត្រូវទទួលបានគាំពារការអប់រំកម្រិតមតេយ្យសិក្សាដែលជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យពួកគេត្រៀមខ្លួនជាស្រេចដើម្បីចូលរៀនទៅតាមកម្រិតនៃបឋមសិក្សា។

ទន្ទឹមនិងនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីលោក វង្សី វិស្សុត ក៏បានធ្វើការអំពាវដល់មាតាបិតានិងអាណាព្យាបាលទាំងអស់ ត្រូវបញ្ជូនបុត្រធីតាដែលគ្រប់អាយុសិក្សាឱ្យទៅសាលារៀនឱ្យបានគ្រប់ៗគ្នា និងផ្តាំផ្ញើដល់យុវជនឱ្យគោរពច្បាប់ចរាចរណ៍និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។មួយវិញទៀតអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចុះឈ្វេងយល់ពីទុក្ខលំបាកនិងដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលា ពិសេសចូលរួមដោះស្រាយរាល់បញ្ហារបស់កុមារ ដោយហេតុថាការយកចិត្តទុកដាក់ ការផ្តល់ការអប់រំដល់កុមារជាភារកិច្ចយើងទាំងអស់គ្នា មានរាជរដ្ឋាភិបាល ក្រសួងអប់រំ អាជ្ញាធរ អង្គការសមាគមន៍  សហគមន៍ លោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្សជាដើម ៕

អត្ថបទ៖ ប៊ុត សារុន