Connect with us

ព័ត៌មានជាតិ

សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់ និងបញ្ជូនជនជាប់ចោទ ង៉ាម រី ស្នងការងទៅឃុំនៅពន្ធនាគារ

កំពង់ស្ពឺ ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី និងបានបញ្ជូនទៅឃុំនៅពន្ធនាគារហើយ បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យបានឱ្យដឹងនៅម៉ោង១៨និង៨នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ ដោយក្នុងនោះបានធ្វើការចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រឺ ពីបទទ្វេរពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា០៤ និង០៩ នៃច្បាប់ឯកពន្ធភាព។

អ្នកនាំរូបនេះ បានបញ្ជាក់បន្ថែមថា ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តស៊ើបសួរលើសំណុំរឿងរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី។

សូមបញ្ជាក់ថាលោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទទួលផែនអន្តរាគមន៍ ។ លោកត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយាដើមរបស់លោក។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវភរិយាដើមប្តឹង បន្ទាប់ពីលោកបានក្លែងឯកសារ ហើយរៀបការជាមួយនារីម្នាក់ទៀត ដែលជាអាជីវករលក់បាយ នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ស្រេច។ នៅក្នុងឯកសារក្លែងលោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយដោយលោក ហែន កន ចៅសង្កាត់ បឹងសាឡាង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយនារីម្នាក់ដែលជាភរិយាក្រោយ ដោយលោកចៅសង្កាត់កណ្តោលដុំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ហើយពិធីនិងចាប់ផ្តើមធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ នៅចំនុចផ្ទះខាងស្រី ក្នុងភូមិសង្កាត់ខាងលើ។

សូមបញ្ជាក់ផងដែរថា ពិធីមង្គលនេះដែរ ត្រូវបានអាក់ខានទៅវិញ ក្រោយរោងការគ្មានកូនកម្លោះ គ្រាដែលភ្ញៀវយ៉ាងច្រើន ត្រូវបានគោរពអញ្ជើញរួចរាល់ លើកលែងតែមន្ត្រីនគរបាលនៅក្នុងអង្គភាពរួមទាំងលោកស្នងការផងដែរ ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម។ រោងការដែលលើកឡើងយ៉ាងត្រដែត នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កណ្តោលដុំ ត្រូវបានរុះរើយ៉ាងតក់ក្រហល់ទៅវិញ ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនកូនកម្លោះមកកាន់ស្នងការដ្ឋានដើម្បីសាកសួរពាក់ពន្ធ័និងបណ្តឹងរបស់ភរិយាដើម ៕

អត្ថបទ៖ ប៊ុត សារុន