Connect with us

ព័ត៌មានជាតិ

រថយន្តខ្នាតយក្យ ដឹកដំឡូងមី ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស

ក្រចេះ ៖ រថយន្តវេអង ១គ្រឿងដឹកដំឡូងមី បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស១នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងដឹកដំឡូងមីពេញ ម៉ាក់វេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1309 បើកបរដោយបុរសម្នាក់និង អ្នករួមដំណើរ១នាក់ ក្នុងទិសដៅពីក្រចេះទៅឆ្លូង លុះមកដល់ផ្លូវកែងភូមិព្រែកតាអាំ ចំណុចកើតហេតុខាងលើ រថយន្តក៏បានក្រឡាប់ផ្ងារជើងធ្លាក់ប្រឡាយ បណ្ដាលឱ្យអ្នកបើកបរ ត្រូវរបួសធ្ងន់ និងអ្នករួមដំណើរ១នាក់ទៀត មានវ័យចំណាស់ បានគៀបជាប់ក្នុងរថយន្តបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានទាំងពីរនាក់ ១.ឈ្មោះឆោ ហាន ភេទប្រុស អាយុ៧១ឆ្នាំមានទីលំនៅភូមិថ្នល ឃុំតំបែរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ដែលជាអ្នករួមដំណើរ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ២. ឈ្មោះចាន់ ចន្ថាភេទប្រុស អាយុ២២ ឆ្នាំ ជាអ្នកបើករថយន្ដ មានទីលំនៅភូមិស្រទៀប ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ៕