Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ ប្រកាសផ្ទេរបញ្ចូលបុគ្គលិកអប់រំ ទៅក្នុងរចនាសម្ព័ន្ធ របស់រដ្ឋបាលស្រុកឆ្លូង

ក្រចេះ ៖ លោកគ្រូ-អ្នកគ្រូចំនួន ៣០៥នាក់ ដែលបម្រើការងារនៅតាមគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាខេត្ត ផ្ទេរបញ្ជូលទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក។

ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសលេខ ១០៦៥ អយក.ប្រក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមវត្តមានចូលរួមប្រកាសពីលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ និងការចូលរួមពីមន្ទីរអប់រំខេត្ត មន្ទីរមុខងារសាធារណៈ អភិបាលស្រុកឆ្លូង និងកម្លាំងទាំងបីរប្រភេទផងដែរ ។

មានប្រសាសន៍ក្នុងពិធី លោក ហង់ ចាន់ឌី អភិបាលរងតំណាងឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ នេះគឺជារបត់ថ្មីនៃកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ។

ការផ្ទេរមុខងារ ធនធាន និងការគ្រប់គ្រងចាត់ចែងលើវិស័យ និងផ្នែកនេះ មកឲ្យរដ្ឋ      បាលស្រុកដែលរាជរដ្ឋាភិបាលចាត់ទុកថា ជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិសមស្របបំផុតសម្រាប់គ្រប់គ្រងចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក្នុងកម្រិតបឋមសិក្សាចុះក្រោមប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមគោលនយោបាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីសិក្សា និងស្ដង់ដាសេវាអប់រំដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

លោក ហង់ ចាន់ឌី បន្តថា ៖ ប្រមុខរាជរដ្ឋាភិបាលទាំងនៅក្នុងអណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺតែងតែជំរុញដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យបង្កើនល្បឿនក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្ដល់សេវា និងការអភិវឌ្ឍឲ្យកាន់តែកៀកប្រជាពលរដ្ឋ ស្របតាមទិសដៅ និងចក្ខុវិស័យ ដែលមានកំណត់នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ។

លោកអភិបាលរងខេត្ត ក៏បានជម្រុញស្នើសុំ-ឲ្យមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ រដ្ឋបាលស្រុក អំពីនីតិវិធីគ្រប់គ្រងបុគ្គលិក បន្ទាប់ពីដំណើរការផ្ទេរនេះ-ក្រុមប្រឹក្សានិងរដ្ឋបាលស្រុក ត្រូវផ្ដោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់គ្រងការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់អោយ៕