Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ក្រចេះ ៖ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពរួមនឹងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តក្រចេះ បានចូលរួមទទួលយកចំណេះដឹង បទពិសោធន៍ដ៏មានសារៈសំខាន់ ពីវគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែនាំការអនុវត្ត ស្តីពី គោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំដោយ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងគាំទ្រដោយគម្រោង លើកកម្ពស់វិស័យសេវាសង្គម យូនីសេប បានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ក្រោមវត្តមានលោកទុយ ប៊ុនសិរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ។

“ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” សំដៅទៅលើសហគមន៍ដែលមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ រក្សាបាននូវបរិស្ថានធនធានធម្មជាតិ និងអនាម័យប្រជាពលរដ្ឋទទួលបានការផ្ដល់សេវានានាប្រកបដោយគុណភាពតម្លាភាព និងរស់នៅប្រកបដោយសុវត្ថិភាពថាសុខភាពនិងសុខដុមរមនា។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង÷កសាង និងពង្រឹងសន្តិសុខសណ្ដាប់ឆ្នាប់សង្គមលើកកម្ពស់អនាម័យ បរិស្ថានសុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីគ្រោះអន្តរាយ និងជំងឺឆ្លងរាតត្បាតនានានៅគ្រប់កាលៈទេសៈឲ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការដើម្បីបង្ករភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងមូលដ្ឋាននិងឈានទៅដល់ការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

លោកទុយ ប៊ុនសិរីរ័ត្នមុនីអភិបាលរងខេត្តក្រចេះមានប្រសាសន៍បញ្ជាក់ក្នុងវគ្គបណ្ដុះបណ្ដាលនោះថា÷ សៀវភៅណែនាំស្ដីពីការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានខ្លឹមសារសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាប្រវត្តិគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាយន្តការសម្រាប់ការអភិវឌ្ឍ និងតួនាទីភារកិច្ច បញ្ជីសកម្មភាពលំអិតប្រចាំឆ្នាំសម្រាប់ការអនុវត្តគោលនយោបាយ និងដំណើរការក្នុងវិធីសាស្រ្តសម្រាប់រៀបចំអនុវត្តផែនការសកម្មភាព ថវិកាប្រចាំឆ្នាំនិងត្រួតពិនិត្យវាយតម្លៃលើការអនុវត្តគោលនយោបាយ។

ជាមួយគ្នានោះដែរលោកអភិបាលរងខេត្តក្រចេះ ទុយ ប៊ុនសេរីរត័មុនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ និងខិតខំប្រឹងប្រែងរបស់ក្រុមការងារទីចាត់ការផែនការវិនិយោគ រដ្ឋបាលខេត្តក្រចេះដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាល ឃុំ-សង្កាត់ឱ្យខិតខំយកចិត្តទុកដាក់ និងប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយប្រកប់ដោយប្រសិទ្ធភាពសំដៅលើកកម្ពស់សេវាសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់សង្គម អនាម័យបរិស្ថាន  និងសុខមាលភាពជូនប្រជាពលរដ្ឋ៕