Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យការជួសជុលផ្លូវ១ខ្សែរ លើខ្នងអាងកណ្តោល ក្នុងសង្កាត់ទឹកថ្លា

បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ស្រេង សុផល ជាអភិបាលក្រុង កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះត្រួតពិនិត្យការជួសជុលផ្លូវ១ខ្សែរ ប្រវែង១០០០ម៉ែត្រ លើខ្នងអាងកណ្តោល ក្នុងសង្កាត់ទឹកថ្លា ។

ការណ៍នេះ ក៏មានការចូលរួមពីសំណាក់លោក ជៀម សុខ ប្រធានក្រុមប្រឹក្សាក្រុង អមដំណើរដោយ លោក កុយ ចាន់វាសនា សមាជិក ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា លោកមេភូមិ និងក្រុមកាងារ ដោយបានត្រួតពិនិត្យការជួសជុលផ្លូវលំមួយខ្សែមានប្រវែង១០០០ម៉ែត្រ ដោយក្រាលថ្នល់កៅស៊ូ និងក្រាលថ្មម៉ិច ស្ថិតនៅទំនប់អាងកណ្ដោល ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ស្រេង សុផល បានមានប្រសាសន៍ថា ផ្លូវ១ខ្សែរនេះ ជាចំណុចសំខាន់ហើយដោយបានការចង្អុលបង្ហាញ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្លឹងឃើញទិដ្ឋភាពរួមនៅទីនេះ បានរងផលប៉ះពាល់នារដូវវស្សាកន្លងមកដែលធ្វើឲ្យផ្លូវនេះរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់។

លោកបន្តថា ដោយបានការគាំទ្រពីបងប្អូន ជាពិសេសថ្នាក់ដឹកនាំ ក៏បានរៀបចំនឹងធ្វើការជួសជុលផ្លូវនេះឡើងវិញ ហើយផ្លូវនេះគិតចាប់ពីផ្លូវជាតិលេខ៥ មកមានចម្ងាយជាង ១គីឡូម៉ែត្រ ដោយឡែកពីស្ពានមកកាន់ សួនស្ទឹងកែវសុខសាន្តនេះ មានចម្ងាយ ៣០០ម៉ែត្រ យើងក្រាលកៅស៊ូ។ ចំណែកជាង ១០០០ម៉ែត្រទៀត យើងរៀបចំជាគ្រោះថ្មមិច ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាស្រ័យផលព្រោះនៅទីនេះមានប្រជាពលរដ្ឋធ្វើស្រែ ដែលត្រូវដឹកឆ្លងកាត់ប្រមាណជា១០០ហិចតា។

លោកបញ្ជាក់ថា នេះជាគោលដៅរបស់ឯកឧត្តមថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការអភិវឌ្ឍ ហើយចំណុចផ្លូវមួយខ្សែនេះ ក្រៅពីដឹកកសិផលរបស់ប្រជាពលរដ្ឋនោះ ក៏បានបម្រើលើវិស័យទេសចរណ៍ស្របតាម គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលផងដែរ ព្រោះនៅក្បែរនេះមានរមណីយដ្ឋានមួយកន្លែងមានឈ្មោះ សួនស្ទឹងកែវសុខសាន្តផងដែរ។

ដោយមើលឃើញនូវការអភិវឌ្ឍ និងសម្រួលផ្លូវដែលមានការលំបាកជាយូរឆ្នាំមកហើយនេះ បងប្អូនប្រជាពលរដ្ឋក៏ដូចជាម្ចាស់ម្ចាស់សួនស្ទឹងកែសុខសាន្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារក្រុងសិរីសោភ័ណ ជាពិសេសការគិតគូររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏ដូចជាឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រីគណៈនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានអភិវឌ្ឍន៍ និងជួសជុលផ្លូវនេះឡើងវិញដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដឹកកសិផលផង និងមានផ្លូវចូលមកកម្សាន្តនៅសួនស្ទឹងកែវសុខសាន្តនេះផងដែរ៕