Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង

(បាត់ដំបង) នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តុមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមនឹងប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តម លោកជុំទាវ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន ៣៧៩រូប ស្រី ៤៥ រូប ។

បន្ទាប់ពីរាយការណ៍សង្ខេប អំពីលទ្ធផលនៃអង្គសន្និបាត ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងអំពីលទ្ធផលការងារដែលសម្រេចបានរយៈពេល ០១ឆ្នាំកន្លងមកនេះ បានយ៉ាងល្អប្រសើរ និងមានសកម្មភាពឥតឈប់ឈរនេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង គ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារបម្រើសេវាជូនអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដើម្បីជាការតបស្នង នូវគុណបំណាច់របស់លោក ដែលបានលះបង់នូវសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងនេះ ។

ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានអញ្ជើញប្រកាសសមាសភាព អនុប្រធានកិត្តិយសចំនួន ០១រូប និងអនុប្រធានចំនួន០៥រូប ចំណុះឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមា​គមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញកិច្ចការងារ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងបានដាក់ចេញនូវផែនការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្ថែមចំពោះគ្រួសារអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ គ្មានផ្ទះ គ្មានដី ដោយត្រៀមរៀបចំការប្រគល់ផ្ទះនិងដីជូនដល់ពួកគាត់ ក៏ដូចជាធ្វើការអភិវឌ្ឍន៍ភូមិអតីតយុទ្ធជន ដែលមានទីតាំងស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរថែមទៀតផងដែរ ។