Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ សូរ៉ាថាន់ អ៊ីនថាឈូត(SORATHON INTACHOT) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ ស្ដីពីករណី រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហម និងពណ៌ផ្កាឈូក ចំនួន១២១គ្រាប់ ស្មើនឹងទម្ងន់១២,៣៦ក្រាម, គ្រឿងញៀនប្រភេទម្សៅពណ៌សថ្លាចំនួន០៤កូនថង់តូច ស្មើនឹងទម្ងន់៣,៩ក្រាម និងថង់សម្រាប់វេចខ្ចប់មួយចំនួនផងដែរ ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕