Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ជំរុញអោយរដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ

បាត់ដំបង! ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានមានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ផ្តោតទៅលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។

ជាមួយគ្នានេះ សម្តេចបានជំរុញអោយរដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ព្រមទាំងការពាររាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស និងត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព, គុណភាព ,រហ័ស និងជឿទុកចិត្ត និងត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មតាមគ្រប់រូបភាព និងចំគោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តប្រកបដោយជោគជ័យ។

ទន្ទឹមគ្នានេះ ត្រូវបង្កើនការអប់រំ បំផុសចលនា នឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របតាម ពាក្យស្លោក «បីកុំ មួយរាយការណ៍» ហើយអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការអប់រំដោយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាបង្កើនការអប់រំប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា ស្របជាមួយនឹងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្សព្វផ្សាយអប់រំអំពី សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងជំងឺឆ្លងរាតត្បាតនានា។

បន្ថែមពីនេះ សម្តេចជំរុញអោយគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារ ដែលដាក់លក់នៅក្នុង សាលារៀន ឱ្យបានជាប់ជាប្រចាំ និងសូមយកចិត្តទុកដាក់សុវត្ថិភាពអនាម័យក្នុងសាលារៀន ស្របតាមការដាក់ចេញ របស់រាជរដ្ឋាភិបាលនូវ«យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅដើម្បីគាំទ្រការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត របស់ក្រសួងអប់រំ យុវជន និងកីឡា។