Connect with us

ព័ត៌មានជាតិ

រថយន្តទេសចរណ៍ វីរៈប៊ុនថាំ បើកបុកម៉ូតូពីក្រោយ បណ្តាលអោយបុរសម្នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងណាស់បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូម្នាក់ឯង ត្រូវបានរថយន្តបុកពីក្រោយនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1AL-7079 បើកបរដោយឈ្មោះ ខាត់ ខួច ភេទប្រុស អាយុ២៨ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តទេសចរណ៍របស់ក្រុមហ៊ុន (វីរៈប៊ុនថាំ) ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AD-4378 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា ឡើងវ៉ាជែងមិនផុត ក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ បណ្តាលអោយអ្នកបើកបរម៉ូតូ ដួលបោកក្បាលរងរបួសធ្ងន់ ចំណែកមធ្យោបាយទាំងពីរ រងការខូចខាតផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅផ្នែកជំនាញ របស់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕