Connect with us

ព័ត៌មានជាតិ

ស្រី្តម្នាក់ ទើបសម្រាលកូនភ្លោះ បានជាង១ខែ ត្រូវរថយន្តដឹកដី កិនស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយសត្វគោ ដួលចូលក្រោមរថយន្តដឹកដី កិនស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ចោលកូនភ្លោះ២នាក់ ដែលទើបសម្រាលបានជាង១ខែ ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម C-125 ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-6431ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយនឹងសត្វគោ បណ្ដាលឲ្យដួលចូលក្រោមរថយន្តដឹកដីកែឆ្នៃ ១គ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 3D-9883 ក្នុងទិសដៅច្រាស់គ្នា ធ្វើឲ្យស្រ្តីជាអ្នកបើកបរម៉ូតូ ត្រូវរថយន្តកិនស្លាប់ភ្លាមនឹងកន្លែង ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានប្តីឈោះ ម៉ុយ ម៉ុល់ អាយុ៣៨ឆ្នាំ មានកូន៤នាក់ ស្រីទាំងអស់ ហើយស្រី្តរងគ្រោះមានកូនភ្លោះ២នាក់ កើតទើបបាន១ខែកន្លះប៉ុណ្ណោះ ។

ជុំវិញករណីគ្រោះថ្នាក់ខាងលើនេះ យើងឃើញសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង និងយកមធ្យោបាយទាំង២ មករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕