Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃនៅវត្តស្ទឹងបត់ ក្រោយចៅអធិការវត្តសឹក ត្រូវព្រះសង្ឃពីវត្តផ្សេង នាំចង្ហាន់ទៅផ្គត់ផ្គង់

បន្ទាយមានជ័យ ៖ ព្រះសង្ឃពីវត្តផ្សេង មានសទ្ធានាំចង្ហាន់ទៅផ្គត់ផ្គង់ព្រះសង្ឃ គង់នៅវត្តសិរីមង្គលសុទ្ធារាម ហៅវត្តស្ទឹងបត់ ស្ថិតនៅជាប់អូរព្រំដែនកម្ពុជា ថៃ នាភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្ត បានលាចាកសិក្ខាបទ ឬសឹកដោយចិត្តឯង ព្រោះមានរឿងអាស្រូវផ្លូវភេទ ពុំទាន់មានអ្នកគ្រប់គ្រងវត្តថ្មី (វត្តមានព្រះសង្ឃ៩អង្គ :ភិក្ខុវ័យចាស់២អង្គ និងនេនក្មេងៗ ៧អង្គ) ។

ព្រះសមណាភិរ័ត​ ប៉ោ​ សុឃឿន​ ព្រះអនុគណស្តីទី ក្រុងប៉ោយប៉ែត និងព្រះសង្ឃ កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បាននិមន្តទៅមេីលលោកនេន នៅវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) និងយកភេសជ្ជ:​ មី ត្រីខ​ ទឹកដោះគោខាប់​ ប្រគេនសម្រាប់ចាត់ចែងចង្ហាន់ព្រះសង្ឃកំពុងគង់នៅក្នុងវត្តនេះ ។ លុះដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ព្រះអនុគណស្តីទីក្រុងប៉ោយប៉ែត បានចាត់ព្រះភិក្ខុ​ ចាន់​ សុគា​ ជំនួយការសាលាអនុគណ យកចង្ហាន់ប្រគេនព្រះភិក្ខុ សាមណេរ គង់នៅវត្តស្ទឹងបត់ ជាបន្តបន្ទាប់ទៀត ។

យោងតាមអាចារ្យ និងព្រះសង្ឃ នៅវត្តស្ទឹងបត់ បានអោយដឹងថា តាំងពីបែកធ្លាយរឿងអាស្រូវ របស់អន្ទិតប៉ុក ចំរើន អតីតព្រះគ្រូចៅអធិការវត្តវត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់) និងជាអនុគណក្រុងប៉ោយប៉ែត ហើយតួអង្គរូបនោះ បានលាចាកសិក្ខាបទកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មក  ញោមញាតិជិតឆ្ងាយចំណុះជើងវត្តតិចតួចណាស់ បានអញ្ជើញទៅវត្ត និងនាំចង្ហាន់ ឬទេយ្យទានទៅវត្ត ។ មូលហេតុដែលពុទ្ធបរិស័ទមិនសូវទៅវត្តផនេះ អាចមកពីអត់មានថ្នាក់ដឹកនាំក្នុងវត្តនិងដោយសារព្រះគ្រូអនុគណចាស់ មានរឿងអាស្រូវធ្វើអោយជះឥទ្ធិពលរាលដាល ហើយពុទ្ធបរិស័ទអស់ជំនឿ លើបុគ្គលសង្ឃដែលពួកគេខំមានជំនឿ គោរពសក្ការ: និងធ្វើបុណ្យធ្វើទានជាមួយ បែរជាធ្វើអោយខកចិត្តយ៉ាងខ្លាំង។

ម្យ៉ាងទៀត វត្តនេះ កាលពីព្រះអង្គ ប៉ុក ចំរើន អតីតព្រះគ្រូចៅអធិការវត្តវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) និងជាអនុគណក្រុងប៉ោយប៉ែតផងនោះ គង់នៅ  ព្រះអង្គមិនបានរៀបចំ អោយមានរចនាសម្ពូ័ន្ធគ្រប់គ្រង់ជាប្រព័ន្ធទេ។ ពោលគឺ វត្តគ្មាន”គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង” សម្រាប់គ្រប់គ្រងវត្តបន្តនោះទេ គឺ ព្រះអង្គ ប្រមូលផ្តុំអំណាចគ្រប់គ្រងតែលើ ១អង្គឯង ដោយកន្លងមកបានបណ្តេញព្រះសង្ឃ និងអាចារ្យវត្តទៀតផង។

ទោះជាយ៉ាងណា  វត្វត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) បានការកសាង និងអភិវឌ្ឍន៍ផុសឡើង ក្រោមស្នាដៃរបស់អន្ទិត ប៉ុក ចំរើន អតីតព្រះគ្រូចៅអធិការវត្ត និងជាអនុគណក្រុងប៉ោយប៉ែត៕