Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាត់ដំបង ចុះពិនិត្យទីតាំងចាក់ដី គ្រោងសាងសង់ធ្វើមណ្ឌលសុខភាពថ្មី

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងចាក់ដី នៅចំណុចភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដើម្បីគ្រោងសាងសង់ធ្វើមណ្ឌលសុខភាពថ្មី។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារទីតាំងចាក់ដីខាងលើនេះ លោក លាង វាសនា អភិបាលក្រុង បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់សង្កាត់ព្រែកព្រះស្តេចដែលទទួលបានអគារមណ្ឌលសុខភាពថ្មីស្តង់ដារបស់ក្រសួងសុខាភិបាល ដែលមានកម្ពស់០២ជាន់ ខណៈដែលមណ្ឌលសុខភាពនៅតាមសង្កាត់មួយចំនួនសេសសល់តាំងពីសម័យរដ្ឋកម្ពុជា ដោយគ្រាន់តែបំពាក់បរិក្ខារថ្មី ហើយបើសង្កាត់ផ្សេងៗចង់បានក៏ខុសលក្ខខណ្ឌ ព្រោះដីតូចអត់គ្រប់ អត់ត្រូវទម្រង់។

ជាមួយគ្នានេះដែរ លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច និងប្រជាពលរដ្ឋ បានសម្តែងការត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរនិងថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ផ្តល់នូវអគារមណ្ឌលសុខភាពថ្មី នៅក្នុងសង្កាត់របស់ពួកគាត់ ដែលផ្តល់ភាពងាយស្រួលទទួលសេវាកម្មនៅពេលឈឺថ្កាត់យប់ប្រលប់ ដោយមិនពិបាកធ្វើដំណើរឆ្ងាយទៅមណ្ឌលសុខភាពផ្សេង ហើយក៏សូមថ្លែងអំណរគុណ និងគោរពជូនពរទៅដល់បងប្អូនដែលបានឧបត្ថម្ភក្នុងការចាក់ដីទីនេះ សូមទទួលបាននូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សាលី