Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំពិភាក្សាស្តីពីការប៉ាន់ប្រមាណអំពីបញ្ហាប្រឈមផ្នែកមនុស្សធម៌លើការងារចំណាកស្រុក

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភ ឆ្នាំ២០២៤នេះ ក្រុមការងារទីស្នាក់ការកណ្តាលនិងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការចុះធ្វើការប៉ាន់ប្រមាណអំពីបញ្ហាប្រឈមផ្នែកមនុស្សធម៌លើការងារចំណាកស្រុកក្នុងខេត្តបាត់ដំបងក្រោមអធិបតីភាពលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមសម្របសម្រួលពីលោក មុំ ភីរក្ស ប្រធានការិយាល័យអប់រំមីននិងស្តារទំនាក់ទំនងគ្រួសារនៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា(ថ្នាក់កណ្តាល) ។

ក្នុងឱកាសនោះ លោក មុំ ភីរក្ស បានគូសបញ្ជាក់ថា ដោយទទួលបានការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិ កក្រ អក្រ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំដំណើរការប៉ាន់ប្រមាណលើតម្រូវការឆ្លើយតបការងារចំណាកស្រុក និងបម្លាស់ទីក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តនៅជាប់ព្រំដែនប្រទេសជិតខាង ក្នុងគោលបំណងស្វែងយល់ពីបញ្ហាប្រឈមផ្នែកមនុស្សធម៌លើការងារចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្តែងក្តីនឹករលឹកជូនលោក លោកស្រី តំណាងមន្ទីរអង្គភាព អង្គការក្រៅរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្រុងស្រុកទាំង១៤ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

លើសពីនេះ លោក ផេង សិទ្ធី បានបន្ថែមថា ដោយកង្វះខាតព័ត៌មានជាក់លាក់គ្រប់គ្រាន់ ការសម្រេចចិត្តធ្វើការចំណាក់ស្រុករបស់ពលករនៅតែជាបញ្ហាប្រឈម ហើយជារឿយៗដោយសារតែបញ្ហានេះ តែងតែធ្វើអោយពលករចំណាកស្រុកទៅធ្វើការងារនៅបរទេសនោះចាញ់បោកមេខ្យល់ ថៅកែ និងធ្លាក់ខ្លួនជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្សទៀតផង។

លោកអភិបាលរងខេត្តបានបន្តទៀតថា ដោយមើលឃើញពីសារៈសំខាន់នៃព័ត៌មានសម្រាប់ពលករចំណាក់ស្រុក និងដើម្បីចូលរួមកាត់បន្ថយនៅហានិភ័យ និងភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក្នុងការធ្វើចំណាក់ស្រុកប្រកបដោយសុវត្ថិភាព សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មានសេចក្តីសោមន្សរីករាយក្នុងការរៀបចំកិច្ចប្រជុំពិភាក្សានេះ និងសូមឱ្យការពិភាក្សាប្រព្រឹត្តិទៅដោយរលូនទទួលបានលទ្ធផលដូចគ្រោងទុក ។