Connect with us

ព័ត៌មានជាតិ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ដោយសារតែយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ទើបធ្វើឱ្យមានការអភិវឌ្ឈន៍រីកចម្រើនឥតឈប់ឈរនិងគ្រប់វិស័យ

កំពង់ស្ពឺ៖ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារ និងសមិទ្ធិផលសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា  ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់ព្រះរាជាណាចក្រកម្ពុជាដូចបច្ចុប្បន្នគឺដោយសារតែយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ គោលនយោបាយ ឈ្នះ-ឈ្នះ, ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ។ គោលនយោបាយ ឈ្នះ-ឈ្នះ បាននាំប្រទេសជាតិយើង ចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ បានគូសបញ្ជាក់ថាដោយឈរលើមូលដ្ឋានដ៏រឹងមាំនេះរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននិងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម និង ទី២កសាង និង ពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០ ឆ្ពោះទៅសម្រេច បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្សនិងសង្គម, និង វិស័យបរិស្ថាននិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

លើសពីនេះរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦និងវិធានការគន្លឹះ ចំនួន៥សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថាចំពោះសមិទ្ធិផលអគារសាខាគយនិងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញពីការវិវត្ត ផ្លាស់ប្តូរទីកន្លែងធ្វើការកាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ ដែលពីមុនគយគ្មានកន្លែងធ្វើការល្អដូច្នេះទេ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនប្រការគឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២អនុវត្តការងារជាក្រុម ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។