Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយត្រី បោន ប៊ិន ៖ មេបញ្ជាការអាវុធហត្ថស្រុកអូរជ្រៅថ្មី ត្រូវខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពលរដ្ឋ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ផ្តាំផ្ញើដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅថ្មី ដែលទើបចូលកាន់តំណែង ត្រូវខិតខំបំពេញតួនាទី​ ភារកិច្ច ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ។

លើកឡើងយ៉ាងដូចនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងលោក​អនុសេនីយ៍ឯក ហ៊ូ សារី​ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មកជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ដែលត្រូវឡើងមកជាប្រធានមន្ទីរសម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃពុធ​ ទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ។

ក្រៅពីលើកឡើងខាងលើ លោកឧត្តមសេនីត្រី​ បោន​ ប៊ិន​ បានរំលឹកដល់មេបញ្ជាការថ្មី ត្រូវតែអនុវត្តន៍តាមទិសស្លោករបស់ លោកនាយឧត្តមសេនិយ៍ សៅ សុខា ច្បាប់ត្រូវតែគោរព ប្រជាត្រូវតែបំរើ បទល្មើសត្រូវតែបង្ក្រាប ។ ជាពិសេសត្រូវខិតខំកសាងអង្គភាពឱ្យបានរឹងមាំ​ មានទំនាក់ទំនង និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

បន្ទាប់ពីពីលោក​ កែវ​ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ​ បានមានមតិចូលរួម។ លោក​អនុសេនីយ៍ឯក ហ៊ូ សារី​ បានធ្វើការប្តេជ្ញា​ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់​,​ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព​​​​​ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុត ក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត៕