Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ និងការការពារសន្តិសុខ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វផ្សាយអំពីផែនការការងារ និង ផែនការការពារសន្តិសុខ សំខាន់ៗចំនួន២ ដល់លោក-លោកស្រី ស្នងការរង នាយការិយាល័យនគរបាលជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង៤ ។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ចំនួន២ គឺ ៖ ១-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញមនុស្ស (គ.ឧ.ប.ជ) ដែលជាប់ព្រំដែនថៃ។ ២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនាការការពារការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ ចំពោះបេសកកម្មចំពោះមុខចំនួន២នេះ ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង សុវត្ថិភាព មានរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធី។ ត្រូវធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន គ្មានការបំភិតបំភ័យ ការគំរាមកំហែង និង អំពើរហឹង្សាផ្សេងៗ៕