Connect with us

ព័ត៌មានជាតិ

ជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនជាបន្តបន្ទាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ ថូសាវ៉ាត់ នុបផាកន ហៅហ្វីត ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាក្រុង ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់១,៤០ក្រាម,​ គ្រាប់ថ្នាំចម្រុះពណ៌ (អ៊ិចស្តាស៊ី) ចំនួន០១ថង់កិប ស្មើនឹង១២គ្រាប់ ទម្ងន់៤,៣៥ក្រាម,​ កញ្ចប់ម្ស៉ៅចម្រុះពណ៌ (ប្រភេទថ្នាំសប្បាយលាយទឹក) ចំនួន០៦កញ្ចប់ ទម្ងន់៣២,៥១ក្រាម,​ ស្ករគ្រាប់បៀមចំនួន០៣កញ្ចប់ ស្មើនឹង០៣គ្រាប់,​ ទូរស័ព្ទដៃចំ​នួន០២គ្រឿង,​ ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ ប្រវែង១៨ស.ម,​ ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ០១វង់,​ សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល,​ កាបូបស្ពាយពណ៌ខ្មៅចំនួន០១,កូនកាំបិតបត់ពណ៌ខ្មៅចំនួន០១ដើមផងដែរ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕