Connect with us

ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះរោង០២ខ្នង និងសម្ភារៈជាច្រើនសរុបជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លា

បាត់ដំបង ៖ ករណីអគ្គិភ័យមួយ បានឆាបឆេះរោងចំនួន០២ខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចេញជួយអន្តរាគមន៍ពន្លត់នៅវេលាម៉ោង០៤និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះ បានឆាបឆេះរោងចំនួន០២ខ្នង ក្នុងនោះរោងកសិដ្ឋានចិញ្ចឹមមាន់០១ខ្នង ទំហំ៨ម៉ែត្រX៦០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី  និងរោងឡាន០១ខ្នងទំហំ ១៥ម៉ែត្រX១២ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ។  សម្ភារៈខូចខាតមាន ៖ ឡានចំនួន០២គ្រឿង ,ម៉ូតូចំនួន០៣គ្រឿង ,មាន់ពីរោងស្មើ ១២០០០ក្បាល ដែលសរុបជាទឹកប្រាក់ប្រមាណ ២០មុឺនដុល្លា ដែលមានម្ចាស់ឈ្មោះ ឌិប ផាឌីន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះ គឺ បណ្ដាលមកពីឆេះប្រព័ន្ធហ្គាសកំដៅមាន់ ហើយភ្លាមៗនោះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ដោយប្រើប្រាស់ទឹកជាច្រើនឡានផងដែរ ៕
ដោយ ៖ សាលី