Connect with us

ព័ត៌មានជាតិ

លោកយាយទុរគតជនវ័យ៩៩ឆ្នាំមានជីវភាពក្រីក្រ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករុក្ខគីរី

បាត់ដំបង៖  ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរី ដឹកនាំដោយ លោកស្រី ប៊ិន បូឡែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការីរួម បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ផ្តល់ជូនលោកយាយ ទឹល លឹម អាយុ ៩៩ឆ្នាំ ជាទុរគតជន រស់នៅម្នាក់ឯងស្ថិតនៅ ភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយ លោកស្រី ប៊ិន បូឡែនបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

សូមបញ្ជាក់ថាអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម ថវិកាមួយចំនួនផងដែរ ។