Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អធិការកិច្ច ៖ អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច លោកស្រី ថាក់ ឡានី បានលើកឡើងថា អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។

ការលើកឡើងដូច្នេះ ខណៈលោកស្រីដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ចុះអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ  សិស្សានុសិស្សនិងអ្នកបើកបរនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានលើកឡើងដោយគូសបញ្ជាក់ថា ចរាចរណ៍ផ្លូវគោកនាពេលបច្ចុប្បន្នបានក្លាយជាវិញ្ញាសារដ៏ចម្បង ហើយបានផ្តល់ជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ដោយហេតុថាករណីនេះ តែងតែបង្កជាគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យអត្រានៃមនុស្សស្លាប់ រងរបួសពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ នេះយើងមិនទាន់និយាយទៅដល់ការបន្សល់ទុក ស្ត្រីមេម៉ាយ កូនកំព្រា ការនិរាសព្រាត់ប្រាស់ក្នុងគ្រួសារ និងជនពិកា នៅឡើយ។ទាក់ងនឹងការធ្វើដំណើរគេសង្កេតឃើញថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីកត្តាមនុស្សមិនគោរពច្បាប់ បើកបរលឿនហួសច្បាប់កំណត់ បើកបរធ្វេសប្រហែស និងបើកបរក្នុងពេលស្រវឹងជាដើម។

លោកស្រីបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ របស់អង្គការជនពិកាអន្តរជាតិបែលហ្ស៊ិក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យប្រទេសកម្ពុជា ខាតបង់ទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនក្នុងមួយឆ្នាំៗ អស់រាប់រយលានដុល្លា នេះប្រសិនបើគ្មានគ្រោះថ្នាក់ចរាចរណ៍ទេ រដ្ឋអាចសល់ថវិកា ហើយអាចយកទៅសាងសង់នូវសមិទ្ធិផលមួយចំនួនដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន បានយ៉ាងច្រើនថែមទៀតផង។ ដើម្បីឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ក្រសួងអធិការកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមសហការជាមួយមន្ទីរ និងអង្គភាពជំនាញបានធ្វើការផ្សព្វផ្សាយ ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅពេលនេះក្នុងគោលបំណងដាស់តឿនស្មារតីប្រជាពលរដ្ឋ ទាំងមូល ដែលបានប្រើប្រាស់ផ្លូវថ្នល់ ឱ្យខិតខំផ្លាស់ប្តូរឥរិយាបថដែលធ្លាប់តែមានភាពអនាធិបតេយ្យ មិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ ចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍វិញនៅពេលធ្វើដំណើរ ដើម្បីធ្វើឱ្យផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាលទទួលបាន ជោគជ័យ។

ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥មានដូចជា៖១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់ និងវិបត្តិនានា។ ២-បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន។៣-សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអាត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតក្នុងកម្រិតជាអប្បបរមា។ ៤-បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាព ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ៥-ធានាចិរភាពនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលនៃអាកាសធាតុ៕

ដោយ ៖ ប៊ុត សារុន