Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ជួបជាមួយពលករកម្ពុជាត្រឡប់ពីថៃ និងអញ្ជើញបើកការដ្ឋានសាងសង់អគារប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជួប​សំណេះសំណាល​សួរ​សុខទុក្ខពលករកម្ពុជាត្រឡប់ពីថៃ ​នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង​អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន ​សាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមាមប្រសាសន៍​ទៅ​កាន់ពុកម៉ែបងប្អូន​ជាពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នាពេលខាងមុខថា​ ដោយ​មាន​ការយកចិត្តទុកដាក់ពី​សំណាក់រដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី បាន​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាលថៃ​ដល់​ការវិលត្រឡប់មកស្រុកកំណើត ​របស់ពលករ កម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ជាតិ​ខាងមុខ ​រាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍ ​តាមរយៈប្រកាសរបស់​ក្រសួងមហាផ្ទៃថៃ បាន​លើកលែង ​តម្លៃសេវាអនុញ្ញាតចេញ–ចូល​ (Re-Entry Permit) សម្រាប់​បងប្អូនពលករកម្ពុជា ដែល​ធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១​ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

ក្រៅពីការ​សម្របសម្រួល ​ធ្វើយ៉ាងណាអោយបងប្អូនបានមកស្រុកកំណើរឆាប់រហ័ស អាជ្ញាធរ​និងសមត្ថកិច្ចនៅច្រក​ ក៏បានធ្វើការ​ចែកស្បៀង អាហារ មានដូចជា​ នំបុ័ង ទឹកបរិសុទ្ធ និង​វត្ថុអនុស្សាវរីយ៍ ជាក្រមា១ក្នុង ម្នាក់ផងដែរដល់បងប្អូន ។

សូមបញ្ជាក់ថា ​ចាប់តាំងពីដើមខែមេសា ​អាកាសសធាតុនៅខេត្តបន្ទាយមានជ័យ ​មានភាពក្តៅខ្លាំង មិនមានភ្លៀង ស្រាបតែនៅថ្ងៃទី៩នេះ ចំពេលវត្តមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ អញ្ជើញមក ស្រាប់តែភ្លៀងជោគជាំតែម្តង៕