Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយខ្យល់កន្រ្តាក់ ២០២គ្រួសារ ក្នុងស្រុករុក្ខគីរី ទទួលអំណោយកាកបាទក្រហមកម្ពុជា

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង បានចាត់តំណាងក្រុមការងារសាខាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិកាសាខា និងសហការី បានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៧៤ គ្រួសារ  និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។

មានប្រសាសន៍សំណេះសំណាលក្នុងបរិយាកាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជំរាបជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា   ឯកឧត្តមនិងសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះតាមរយៈក្នុងអង្គពិធីថ្ងៃនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អនិងប្រុងប្រយត្ន័ការពារសុខភាពអំឡុងពេលធាតុក្តៅ ហើយចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

ឯកឧត្តមអនុប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ២៥គីឡូក្រាម, មី០១កេស ,ទឹកត្រី០១យួ ,ទឹកស៊ីអ៉ីវ០១យួរ , ទឹកបរិសុទ្ធ០១កេស និងត្រីខ ១០កំប៉ុង,ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារបន្ថែមឃីត មាន(មុង០១ ,ក្រមា០១)និងសំពត់តង់០១ផងដែរ ៕
ដោយ ៖ សាលី