Connect with us

ព័ត៌មានជាតិ

រោងចក្រ ៣ទៀត គ្រោងនឹងបង្កើតនៅក្នុងខេត្តកំពង់ស្ពឺ លើទុនវិនិយោគ ជាង១៨លានដុល្លាអាមេរិក

កំពង់ស្ពឺ ៖ រោងចក្រ ចំនួន៣ គ្រោងនឹងបង្កើតនៅក្នុងខេត្តកំពង់ស្ពឺ ដែលចំនាយទុនវិនិយោគ ១៨.៥៧៧.២៦៧ដុល្លាសហរដ្ឋអាមេរិក នេះបើយោងតាមការឱ្យដឹង ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

យោងតាមការឱ្យដឹង ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គម្រោងវិនិយោគទាំង៣ត្រូវ បានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងចូលរួមដោយលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ។

គម្រោងវិនិយោគទាំង៣ ដែលបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន ៖ ១-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិត និងផ្គុំតំឡើងឧបករណ៍ជាងគ្រប់ប្រភេទ និងប្រអប់ដាក់ឧបករណ៍ជាង (ផលិតពីដែកនិងប្លាស្ទិក) របស់ក្រុមហ៊ុនLY Tools (Cambodia) Co,. Ltd.។ ២-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខាអគ្គិសនីបំភ្លឺ ផ្គុំជាមួយសូឡា អាគុយ ចង្កៀង ផលិតផលពាក់ព័ន្ឋ និងផលិតខ្សែភ្លើង ពីទងដែង អាលុយមីញ៉ូម និងឧបករណ៍ត្រួតពិនិត្យភ្លើងបំភ្លឺ របស់ក្រុមហ៊ុន Like Lighting (Cambodia) Technology Co,. Ltd.។ និងទី៣-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុន EKT Carton Pack Co,.Ltd.។

ជាមួយនិងការស្នើសុំបង្កើតរោងចក្រលើគម្រោងទាំង៣ របស់ក្រុមហ៊ុន រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា គម្រោងវិនិយោគទាំង៣នេះ គ្រោងទម្លាក់វិនិយោគ សរុបប្រមាណ១៨.៥៧៧.២៦៧ដុល្លាសហរដ្ឋអាមេរិក និងបង្កើតឱកាសការងារបន្ថែមចំនួន១០០០កន្លែង ៕

ដោយ ៖ ប៊ុត សារុន