Connect with us

ព័ត៌មានជាតិ

Update ៖ សមត្ថកិច្ចបានសម្រុកចូលទៅគ្រប់គ្រងស្ថានការណ៍ នៃការឆាបឆេះឃ្លាំងស្តុកគ្រាប់ ក្នុងទីបញ្ជាការយោធភូមិភាគទី៣

កំពង់ស្ពឺ ៖ ស្នូរផ្ទុះបានថមថយ សមត្ថកិច្ចជំនាញបានសម្រុកចូល ដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យដែលកំពុងតែឆាបឆេះឃ្លាំងស្តុកគ្រាប់យុទ្ធភណ្ឌ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៣ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ឱ្យមានលក្ខណៈប្រក្រតីឡើងវិញ នេះបើយោងតាមសម្តីរបស់មន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ។

សមត្ថកិច្ចនិយាយក្នុងលក្ខខណ្ឌមិនចេញឈ្មោះបានឱ្យដឹងថា នៅម៉ោងប្រមាណជា៤និង៤៤នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ស្នូរគ្រាប់បានស្ងប់ស្ងាត់(លែងផ្ទុះ) សមត្ថកិច្ចជំនាញមាន កម្លាំងអាវុធហត្ថ នគរបាលនិងអង្គភាព៧១១ដែលត្រៀមបង្ការ បានសម្រុកចូលទៅចំនុចទីតាំងឃ្លាំងស្តុកគ្រាប់នោះដើម្បីធ្វើការបាញ់ទឹកសន្ធាប់ឱ្យភ្លើងរលត់ ស្រប់ពេលនោះដែរភ្លៀងក៏បានបង្អុរធ្លាក់ហាក់ជួយស្រោចស្រពនិងបាញ់ពន្លត់ជាមួយសមត្ថកិច្ចផងដែរ ជាលទ្ធផលបឋមបានបង្ហើបថាសមត្ថកិច្ចយើងបានគ្រប់គ្រងស្ថានការណ៍បានហើយ។

តែទន្ទឹមនឹងការគ្រប់គ្រងសភាពការណ៍បាន ប្រភពបានបង្ហើបពីដំណឹងអកុសលជុំវិញនៃការផ្ទុះនិងឆេះឃ្លាំងគ្រាប់នេះថា មានមន្ត្រីយោធាយ៉ាងតិច២០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ គ្រាដែលពួកគេកំពុងរៀបចំទុកដាក់គ្រាប់ដែលចល័តមកពីខេត្តកោះកុង និងបងប្អូនប្រជាពលរដ្ឋជិតខាងជាច្រើននាក់រួមទាំងកុមារផងដែរបានរងរបួសហើយកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ។ចំនួនអ្នកស្លាប់នេះដែរ នឹងអាចមានការកើនឡើងបន្ថែមទៀត ខណៈដែលសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង និងស្រាវជ្រាវបន្ថែមពីអ្នកដែលស្ថិតនៅក្បែរកន្លែងកើតហេតុនោះ។

សូមរំលឹកថា ឃ្លាំងផ្ទុកគ្រាប់យុទ្ធភណ្ឌក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានរងការឆាបឆេះ គ្រាដែលគ្រាប់ធុនធំមួយគ្រាប់បានផ្ទុះនិងគ្រាប់ធុនតូចជាច្រើនគ្រាប់ផ្សេងទៀតបានផ្ទុះបន្តបន្ទាប់ ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណជា២និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ៕

ដោយ ៖ ប៊ុត សារុន