រយៈពេល៥ខែឆ្នាំនេះ ពន្ធដារប្រមូលពន្ធ-អាករបានជិត ១ ៧២៧ លានដុល្លារ កើនឡើងជាង ២៨ភាគរយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជិត ៧ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ បានកើនឡើងជាង ២៨ភាគរយ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធ​ប្រចាំខែ ឧសភា និងសម្រាប់រយៈពេល៥ខែ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ចំពោះចំណូលប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ បើធៀប​នឹងខែឧសភា ក្នុងឆ្នាំ២០២១។

ការប្រមូលចំណូលពន្ធ ក្នុងខែឧសភា ឆ្នាំ២០២២ ​ចំណូលពន្ធអាករគ្រប់ប្រភេទ​ដែលអគ្គនាយកដ្ឋាន​ពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​មានចំនួនជាង ៩១១ ប៊ីលាន​រៀល ​ត្រូវប្រមាណជា ២២៥​ លានដុល្លារ ស្មើជិត ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០២២ កើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកការប្រមូលចំណូលពន្ធក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធអាករ ដែល​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង ​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មាន​ចំនួនជាង ៦ ៩៩៤ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ ស្មើនឹង ៦១,២៥% នៃ​ផែនការ​ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ កើនឡើងជិត ២៨% ធៀបនឹងរយៈពេលប្រាំខែឆ្នាំ២០២១។

សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព​ ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូល​ពន្ធ​បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ចំនួនជាង ១១ ៤១៩ ប៊ីលានរៀល (ប្រមាណជាង ២ ៨១៩ លានដុល្លារ) ​អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការ​អនុវត្តនូវវិធានការ​គោល​នយោបាយ និងរដ្ឋបាលសារពើពន្ធ ៕

CATEGORIES
Share This