Connect with us

សន្តិសុខ និង សង្គម

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន អំណោយជូនគ្រួសារ ពលរដ្ឋរងគ្រោះដោយ អគ្គីភ័យឆេះផ្ទះ

បាត់ដំបង  ៖ ពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះ ៣គ្រួសារ នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកស្រី បឿន សាវឿន  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន តំណាងលោក ហម សំខាន់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន តូបអាជីវកម្ម និងសម្ភារ អស់គ្មានសល់ ។ លោកស្រីអនុប្រធាន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។

ជាមួយនោះ លោកស្រី បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ” ៣កុំ ៣ការពារ និង ១ចូលរួម ” ដើម្បី ជៀសអោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូន ក្នុង១គ្រួសារទទួលបាន ៖ អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ ,ទឹកសុទ្ធ , ទឹកត្រី,ទឹកស៊ីអ៊ីវ, ឃីត (សារុង ក្រម៉ា ) ១កញ្ចប់, និងថវិកាមួយចំនួនផងដែរ ៕

ដោយ ៖ Pa J