Connect with us

ព័ត៌មានជាតិ

បញ្ចប់វិវាទដីធ្លីរាំរ៉ៃពលរដ្ឋ ជិត១២០០គ្រួសារ ចាប់ផ្តើមចាប់ឆ្នោតទទួលយក ក្បាលដីឡូតិ៍ពីរដ្ឋបាលខេត្ត រៀបចំបែងចែក

បន្ទាយមានជ័យ ៖ គ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ទីបំផុតទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ស្ថិតនៅចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានព្រមព្រៀង បញ្ចប់ វិវាទពលរដ្ឋ ជិត១.២០០គ្រួសារ ចាប់ផ្តើមចាប់ឆ្នោត ទទួលយកក្បាលដីឡូតិ៍ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅនឹងទីតាំងដីនាព្រឹកថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០២២ ។

លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យ និងជាតំណាង លោក លី សារី អភិបាលរងខេត្ត អោយដឹងថា ដីទំនាស់នេះមានទំហំ៩៧ហិចតា នៅចំណុច បឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានទំនាស់ រវាងឈ្មោះ លី អ៊ុតនី (ស្លាប់) ជាមួយឈ្មោះ ព្រាប សារុន (ស្លាប់) និងឈ្មោះ គង់ ជា ។

លោក បន្តថា យោង ការស្រាវជ្រាវ និងគោលការណ៍ ដោះស្រាយបញ្ចប់ គឺ ផ្នែកតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន លើលិខិតលេខ ៩៩៣/២១ លស ចុះ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានដឹកនាំ ក្រុមការងារ លោក សហការនិងក្រុមការងារចម្រុះខេត្ត ដោយមានការចូលរួមពីតំណាងសាលាដំបូង អយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុក បានរៀបចំវេទិការសាធារណៈ ដើម្បីទទួលស្តាប់បញ្ហាគន្លឹះ នានា ទាក់ទង់ទំនាស់ដីធ្លី នៅចំណុចនេះ រវាងគូភាគីទំនាស់តំណាងក្រុមគ្រួសារ លោក លី អ៊ុត នី និងភាគីប្រជាពលរដ្ឋ ប្រមាណ ១.២០០គ្រួសារ លើទីតាំងដីជាក់ស្តែង ។

ជាលទ្ធផល ភាគីទំនាស់ បានព្រមព្រៀង និងឯកភាពអោយ ក្រុមការងារចម្រុះខេត្ត បានចុះ ធ្វើអត្តសញ្ញាណ ប្រជាពលរដ្ឋរស់នៅជាក់ស្តែង លើទីតាំងដី ។ បន្ទាប់មកទើប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ លោកប្រធានក្រុមការងារដោះស្រាយ បានរៀបចំ វេទិកាសាធារណៈ លើក ទី២ ជាលទ្ធផល គូភាគីទាំងពីរ ឯកភាពព្រមព្រៀង បញ្ចប់វិវាទដីធ្លីតាមគោលនយោបាយ ឈ្នះ ឈ្នះ ។

ចំណែកការធ្វើ អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋដែលកំពុងរស់នៅ លើទីតាំងដី និងការចុះកិច្ចសន្យាព្រមព្រៀងទទួលយក ដីឡូតិ៍តាមរយ: ការចាប់ឆ្នោត ។

លោក ប៉ាន់ខែម ប៊ុនថន បានលើកឡើងថា នេះជាថ្ងៃបញ្ចប់ទំនាស់វិវាទដីធ្លី ហើយក៍ជាថ្ងៃចាប់ឆ្នោត យកក្បាលដីហើយក៍ជាថ្ងៃរុះរើផ្ទះខ្ទម ។ល។ ដោយឡែកអ្នកនៅបន្តទំនាស់លោកអស់សិទ្ធិហើយ ទុកអោយអាជ្ញាធរនព្រះរាជអាជ្ញា ៕