Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តបន្ទាយមានជ័យ រំលឹក​ដល់​មន្ដ្រី​ក្រោម​ឱវាទ​ត្រូវយក​ចិត្ត​ទុកដាក់​ចំពោះការ​អនុវត្តន៍​ដីកា​របស់​តុលាការ

បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែ​កុម្ភៈនេះ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីនគរបាល និងសម្រាប់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅលើទូរស័ព្ទដៃ foreigners present in Cambodia system (FPCS) ដល់លោកលោកស្រី អធិការ អធិការរង ស្រុក/ក្រុងទាំង៩ និងលោកនាយប៉ុស្តិ៍ទាំង៦៥ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារគ្រប់គ្រងជនបរទេស បាន​ធ្វើ​បទបង្ហាញ អំពីការបង្កើត​គណនី លើទូរស័ព្ទប្រព័ន្ធ (FPCS) ដល់លោកអធិការ និងមេប៉ុស្តិ៍ទាំងអស់​ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស ​តាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

ក្នុងអង្គប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រង (FPCS) គឺដើម្បីងាយស្រួល​ដល់​នគរបាល​ក្នុងការគ្រប់គ្រង ជនបរទេស​ និងសន្តិសុខសណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម ​តាមប្រព័ន្ធបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ទោស្នងការ​ ក៏បានក្រើនរំលឹកដល់ ​លោកអធិការក្រុង/ស្រុក មេប៉ុស្តិ៍រដ្ឋបាល​ទាំងអស់ ​ត្រូវយកចិត្តទុកដាក់ចំពោះការអនុវត្តន៍ដីការបស់តុលាការ ​ហាម​យឺតយ៉ាវ ត្រូវប្រគល់​ឲ្យ​ដល់ដៃប្រជាពលរដ្ឋ ​ជៀសវាង​អនុវត្តន៍ខុសវិជ្ជាជីវៈ នាំឲ្យប៉ះពាល់ដល់ ​កិត្តិយស​ សេចក្តីថ្លៃថ្នូរ សិទ្ធិ​សេរីភាព​របស់ប្រជាពលរដ្ឋ។​ ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលណាមិន​អនុវត្តន៍ ឬ​យកដីការ​ទៅ​ទុកចោល ​លោក​នឹងមានវិធានការ​ ដាក់​ពិន័យតាម​ច្បាប់​កងកម្លាំង៕