Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ៃន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ក្រពើ កំពស់២១ម៉ែត្រ នៅវត្តកោងកាង ខេត្តប៉ៃលិន

ប៉ៃលិន  ៖  លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ក្រពើ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ពិធីនេះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៊ីម ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៊ីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន នូវការបង្រួប បង្រួមជាតិ ទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈ ការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ  និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូត ដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ ។

លោកជំទាវបានថ្លែងនូវការកោតសសើរដល់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំនិងកសាងនូវរាល់សមិទ្ធិផលក្នុងខេត្តមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។  ដោយឡែកសមិទ្ធិផល ដងទង់ថ្មី ១គូរ ថ្ងៃនែះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសុទ្ធាជ្រះថ្លារបស់  ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ ២៤,០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា ។

លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ ៖ ១. បន្តការខិតខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ ។ ២. ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» ។ ៣. ថែរក្សា ការពារ នូវសមិទ្ធិផលនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា ។ ៤. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជម្រុញក្នុងការ ចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាម ទីតាំងដែលបានកំណត់ សម្រាប់ដូសទី១ កុមារមានអយុ ៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍ ៕

ដោយ ៖ Pa J