Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការក្តៅ ចំពោះម្ចាស់អេស្ការ និងអ្នកពាក់ព័ន្ធដែលរំលោភកាយដីចំណីប្រឡាយ ក្នុងស្រុកគាស់ក្រឡ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋានឃុំធិបតី និងកម្លាំងអធិការស្រុក បានចុះទៅពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស ក្នុងការកាយយកអាចម៍ដីចំណីមាត់ប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

តាមការគូសបញ្ជាក់ពីលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ទីតាំងដីដែលប្រជាពលរដ្ឋជាម្ចាស់ដី បានឲ្យអេស្ការកាយយកដីនេះ គឺ នៅលើក្បាលដីស្រែរបស់គាត់ក្នុងគោលបំណងបកអាចម៍ដីឲ្យស្មើ តែការកាយយកអាចម៍ដីនេះ បានបង្កការប៉ះពាល់ចូលដីចំណីប្រឡាយប្រវែង ៣៦ម៉ែត្រ ទទឹង ៦ម៉ែត្រ និងជម្រៅ០១ម៉ែត្រ ស្ថិតនៅចំណុច ចែងកំប៉ោច ភូមិសំរោង ឃុំធិបតី ឆ្ពោះមកកាន់ចំណុចទួលចៅហ្វាយស្រុក ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ។

ជាមួយគ្នានេះឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដោយអនុវត្តនូវបទបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់នូវបទបញ្ជាបន្ទាន់អោយក្រុមការងារចុះស្រាវជ្រាវ និងរកឱ្យឃើញអ្នកប្រព្រឹត្តដើម្បីចាត់វិធានការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដែលជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវ និងរកឃើញម្ចាស់ដីស្រែដោយហៅមកធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ និងឱ្យចាក់ដីបំពេញអាចម៍ដី លើដីចំណីប្រឡាយឱ្យដូចទ្រង់ទ្រាយដើមឡើងវិញ និងត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់រូបភាពនិងសកម្មភាពរំលោភយកដីចំណីផ្លូវ ដីចំណីប្រឡាយនេះជាបន្តទៅទៀត ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីម្ចាស់អេស្ការដែលបានធ្វើសកម្មភាពកាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២២ គឺ បានចាត់កម្លាំងសមត្ថកិច្ចជំនាញនិងកំពុងតែស្រាវជ្រាវរកសាម៉ីខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី