Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ និងជនមានសតិមិនគ្រប់

ខេត្តបាត់ដំបង! ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ និងជនមានសតិមិនគ្រប់ ដើម្បីរក្សាសោភ័ណ្ឌភាពក្រុងឱ្យមានរបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មិនប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអោយដឹងថា គិតត្រឹមរយៈមួយថ្ងៃ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចបានចុះប្រមូលជនញៀនថ្នាំ ជនអនាថា ជនសតិមិនគ្រប់ បានចំនួន ១៣០នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យវិគាគស្វែងរកមេរោគកូវីដ-១៩ ជាពិសេសរកសារធាតុញៀន ហើយបើអ្នករកឃើញមានសារធាតុញៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ឬមណ្ឌលបន្សាបសារធាតុញៀន ចំណែកជនមានសតិមិនគ្រប់ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលនៅខេត្តកណ្តាល ដោយឡែកជនអនាថា នឹងរកកន្លែងឱ្យពួកគាត់រស់នៅ ឬបញ្ជូនទៅរស់នៅមណ្ឌលដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញផ្សេងៗទៀតដើម្បីផ្តល់ជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ពួកគាត់ ។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ឱ្យអស់ ដើម្បីរក្សាសោភ័ណ្ឌភាពក្រុងបាត់ដំបងឱ្យមានរបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។ហើយមុននឹងបញ្ជូនពួកគាត់ទៅតាមទីតាំងដែលបានរៀបចំ ត្រូវធ្វើការយកចិត្តទុកដាក់ចំពោះពួកគាត់ ដោយត្រូវផ្ដល់ជាចំណីអាហារ សម្លៀកបំពាក់ជូនពួកគាត់មុននឹងធ្វើការបញ្ជូនពួកគាត់ទៅ ។

ឯកឧត្តម សុខ លូ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជា្ញធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំខេត្ត ក្រុង កងកម្លាំង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំជួយអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីជួយប្រមូលជនសតិមិនប្រក្រតី ជនញៀនគ្រឿងញៀន ដែលតែងតែបង្កអសន្តិសុខ និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងក្រុងបាត់ដំបងនាពេលកន្លងមក ដើម្បីបញ្ជួនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា(កែវផុស)ស្ថិតនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ហើយក្នុងចំណោមជនញៀនថ្នាំ ជនអនាថា ជនសតិមិនគ្រប់ សរុបចំនួន ១៣០នាក់ ក្នុងនោះ ១២៦នាក់ ស្រី១៦នាក់ ត្រូវបានបញ្ជួនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា(កែវផុស)ស្ថិតនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឡែកមនុស្សចំនួន០៤នាក់ ស្រី០៣នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕