Connect with us

សន្តិសុខ និង សង្គម

ម្ចាស់គ្រឿងចក្រ ចូលខ្លួនទទួលខុសត្រូវ ក្រោយគេចខ្លួនមួយរយៈ ក្នុងករណីស៊ីឈ្នួលឈូសឆាយ រំលោភដីចំណីប្រឡាយរបស់រដ្ឋ

បាត់ដំបង ៖ ម្ចាស់គ្រឿងចក្រ ដែលពាក់ព័ន្ធរួមគំនិត ជាមួយម្ចាស់ដីស្រែ ឈូសឆាយរំលោភលើដីចំណីប្រឡាយរបស់រដ្ឋ ស្ថិតក្នុងចំណុចភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ បានចូលខ្លួនសារភាពទទួលកំហុសហើយ កាលពីល្ងាចថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ ២០២២ ក្រោយគេចខ្លួនបានរយៈ ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងថា ម្ចាស់គ្រឿងចក្រខាងលើ មានឈ្មោះ រើយ រ៉ែល ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០២២ លោកបានសមគំនិតជាមួយម្ចាស់ដីស្រែឈ្មោះ កាន សៅរ៉េត អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ រួមគ្នាចូលឈូសឆាយ រំលោភលើដីចំណីប្រឡាយរបស់រដ្ឋ ក្នុងគោលបំណងពង្រីកដីស្រែរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដីរដ្ឋ ក្នុងទំហំប្រវែង ៣៦ម៉ែត្រ គុណនឹង៦ម៉ែត្រ និងជម្រៅ ០១ម៉ែត្រ ។

ឯកឧត្តម បញ្ជាក់ថា ករណីល្មើសច្បាប់ខាងលើ មន្ត្រីជំនាញមានការអនុគ្រោះ ក្នុងករណីជនពាក់ព័ន្ធទាំងអស់ភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវ ដោយសារភាព និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យមានជាលើកទីពីរឡើយ ពុំនោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែង ៕

ដោយ ៖ សាលី