Connect with us

ព័ត៌មានជាតិ

អាជីវករ នៅតែបន្តនាំគ្នា លក់ដូរនៅលើផ្លូវចុះចំណោត ផ្សារប៉ាហ៊ីដដែល ទោះធ្លាប់ត្រូវអាជ្ញាធរ ចាត់វិធានការរុះរើ ម្តងរួចមកហើយ

ប៉ៃលិន ៖ ក្រោយត្រូវបាន អាជ្ញាធរចាត់វិធានការរុះរើ និងហាមមិនឲ្យលក់ដូរ បន្លែ ត្រីសាច់ នៅតាមផ្លូវចុះចំណោត ក្បែរផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា ក្រុមអាជីវករ បាននាំគ្នាមកលក់ដូរវិញ ហាក់មិនខ្វល់ពី វិធានការរបស់អាជ្ញាធរឡើយ ។

អាជីវករដែលលក់ដូរនៅលើទ្រូងផ្លូវ ចុះចំណោត ខាងលើ បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ នេះថា ការដែលពួកគាត់នាំគ្នា មករៀបចំដាក់កញ្ច្រែង ត្រី សាច់ជ្រូក បន្លែ ផ្លែឈើ លក់នៅលើទ្រូងផ្លូវសាធារណ:នេះ គឺ ព្រោះតែ ពួកគាត់អត់មានកន្លែងលក់ ហើយទីតាំងនេះ ងាយឱ្យម៉ូយ អតិថិជន ឬប្រជាពលរដ្ឋចូលទិញលឿនជាង លក់ដូរនៅក្នុងផ្សារ ។ 

ដោយឡែក ចំពោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ បានលើកឡើងថា អាជ្ញាធរគួរតែចុះអប់រំណែនាំ ឱ្យអាជីវករទាំងនោះចូលទៅលក់ដូរក្នុងផ្សារវិញទៅ ព្រោះខ្លាចមានគ្រោះថ្នាក់ ជាពិសេស ការដាក់បន្លែ ត្រី សាច់ នៅលើផ្លូវសាធារណ:បែបនេះ បើសិនជាមានករណីម៉ូតូជ្រុលចង្កូតបុក ឬរថយន្តដាច់ហ្វ្រាំង ជ្រុលទៅបុកពួកគាត់ កំពុងតែអង្គុយលក់ដូរ ភ្លេចខ្លួន ពួកគាត់នឹងទទួលរងគ្រោះថ្នាក់ រងរបួស និងបាត់បង់អាយុជីវិត ជាមិនខាន ។ ហើយការលក់ដូរបែបនេះ វាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ: បាត់បង់សោភ័ណភាពទីក្រុងស្អាត បង្កភាពអនាធិបតេយ្យ ជាពិសេសលំបាកឱ្យរថយន្ត បើកបរចូលទៅក្នុងផ្សារ ថែមទៀតផង ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ខាងលោកធ្លាប់ដាក់កម្លាំង ចុះទៅអប់រំណែនាំអាជីវករនិងរុះរើជាញឹកញាប់ហើយដែរ តែបងប្អូនអាជីវករនៅបន្តលក់ដូរ បែបនេះដដែល ។ តែទៅជាយ៉ាងនេះក្តី លោកនឹងដាក់កម្លាំងចុះទៅរុះរើ ហៅអាជីវករទាំងនោះ មកអប់រំធ្វើកិច្ចសន្យាតាមផ្លូវច្បាប់ ៕

ដោយ ៖ Pa J