Connect with us

សន្តិសុខ និង សង្គម

ឃាត់ខ្លួនមនុស្ស ២នាក់ ពីបទឆបោកប្រាក់ តាមរយ:ភ្នាក់ងារផ្ទេរប្រាក់

បាត់ដំបង ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទ ពីបទ ឆបោកប្រាក់តាមរយ:ភ្នាក់ងារផ្ទេរប្រាក់  ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមាន ៖ ១.ឈ្មោះ ស៊ាន សុវឌ្ឍន៍ដានុត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ២.ឈ្មោះ ជា សុផារត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។ ទាំង២នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាមួយវត្ថុតាងមួយចំនួនដូចជា ៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន០១ថង់, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( យ៉ាម៉ា WY ) ចំនួន០១កូនថង់ ព្រមទាំងរថយន្តម៉ាក TOYOTA CAMARY ពណ៌ទឹកមាស មួយគ្រឿងដែលបិទស្គុតពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ២W-១៧៣៨ ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ជនសង្ស័យ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមការពឹងពាក់ របស់បក្សពួកបុរសម្នាក់ផ្សេងទៀត ដែលបានហេកហ្វេសប៊ុកម្ចាស់វេរលុយ រួចបន្លំខ្ចីលុយជនរងគ្រោះមានឈ្មោះ ផល ឈង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយបានទៅបើកលុយនៅកន្លែងផ្ទេរលុយនោះ នៅចំណុចខាងលើ ក្រោយដឹងថាខ្លួនបានចាញ់បោកជនខិលខូច បានប្តឹងដល់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រហូតដល់កម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបានមុខសញ្ញាតែម្តង ៕

ដោយ ៖ សាលី