Connect with us

សន្តិសុខ និង សង្គម

រថយន្ត០២គ្រឿងបុកគ្នា និងម៉ូតូ១គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿង និងម៉ូតូ១គ្រឿងបុកគ្នាពេញទំហឹង និងបន្ត ទៅរោងសិប្បកម្មផលិតទឹកបរិសុទ្ធមួយកន្លែង បង្កការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែង ត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាម៉ារីហើម ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2E 2526 បើកបរដោយបុរសមិនស្គាល់ឈ្មោះ(រត់បាត់) ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកISUZU .DMAX ខៀវខ្ចី ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ កំពង់ធំ 2A.1288 បើកបរដោយឈ្មោះ សំបូរ សុបិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិដូង  ឃុំចែងមានជ័យ ស្រុកបាណន់ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយដាច់កង់មុខខាងឆ្វេង និងរ៉េចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅ០១គ្រឿង ពាក់ស្លាកលេខបាត់ដំបង (1AF-6559) បើកបរដោយឈ្មោះ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងបន្តទៅបុករោងសិប្បកម្មផលិតទឹកសុទ្ធខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការពិនិត្យវាស់វែង និងដឹកជនរងគ្រោះ ទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយខូចខាតទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ 

ដោយ ៖ សាលី