Connect with us

សន្តិសុខ និង សង្គម

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិថៃ ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស គ្រឿងញៀន ។

ប្រតិបត្តិការបង្ក្រាបនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ  បានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យរ ក្សាទុកនិងជួញដូរយ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែត ជា ជនជាតិថៃ ចំនួន២នាក់ មាន ៖ ១-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី   ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ (ជនជាតិ ថៃ), ២-ឈ្មោះ ឆៃយ៉ាផន ភុនធុម (Chaiyaporn Porntum) ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ) និងបានដកហូតវត្ថុតាងមួយចំនួន ដូចជា ៖ ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥, ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់, ម្សៅក្រាមសថ្លា ចំនួន១០៣ថង់, សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កូនជញ្ជីងចំនួន១, ទូរស័ព្ទដៃចំនួន០២គ្រឿង, ដែកកេះមួយចំនួន ។ 

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ KPN