៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានវិនិយោគលើវិស័យសំណង់មានទុនសរុប ៣១ ៤៨៤ លានដុល្លារអាម៉េរិក
ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណជាង ១៩ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគលើវិស័យនេះប្រមាណជា ៣១ ៤៨៤ លានដុល្លារអាម៉េរិក ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរបាយការណ៍ អំពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេស មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩ ៣២២ គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣១ ៤៨៤ លានដុល្លារអាម៉េរិក ក្នុងនោះនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២២ ការវិនិយោគលើវិស័យនេះ មានចំនួន ២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ប្រមាណជាង ២,៨ លានម៉ែត្រការ៉េ និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។
ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នេះ បើគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនជាង ៥៧ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាម៉េរិក ក្នុងនោះការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេស មានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង។
ចំណែកការផ្ដល់វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈសិក្សាគម្រោងប្លង់ដល់អ្នកវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិញ្ញាបនបត្រជូនដល់អ្នកប្រកបវិជ្ជាជីវៈ មានចំនួន ៥៤២រូប ក្នុងនោះមានស្ថាបត្យករ ២៧០ រូប (សញ្ជាតិបរទេស ៥ រូប) និងវិស្វករ ២៧២រូប (វិស្វករសញ្ជាតិបរទេស ៦រូប) និងបានផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ចំនួន ៣ ក្រុមហ៊ុន។
សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យសេវាកម្ម នៅក្នុងឆមាសទី ១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៣% ក្នុងនោះអនុវិស័យអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ក្នុងអត្រា ២,៥% ដោយសារការបន្តថមថយសកម្មភាពទិញ–លក់អចលនទ្រព្យថ្លៃខ្ពស់ ពិសេសខុនដូ និងអាផាតមិន ខណៈដែលសកម្មភាពទិញ–លក់/ជួលអចលនទ្រព្យថ្លៃទាប និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា នឹងបន្តសកម្មភាព៕