Connect with us

សន្តិសុខ និង សង្គម

រកឃើញពលករខ្មែរ ០២នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករ ៧១នាក់ ដែលថៃចាប់បញ្ជូនមកស្រុកកំណើត

បាត់ដំបង ៖ ពលករខ្មែរ ០២នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័ស រកឃើញផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរ ចំនួន៧១នាក់ ដែលភាគីថៃចាប់បញ្ជូនមកកាន់ស្រុកកំណើត នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ តាមច្រកគីឡូ១៣  ក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានអោយដឹងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្រ្តីពលករខ្មែរ០២នាក់នេះ បានកើតឡើងបន្ទាប់ពី កម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកគីឡូ១៣ ស្រុកសំពៅលូន ។

បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ រួចឃើញថា ពលករខ្មែរសរុបទាំងអស់ចំនួន ៧១នាក់ ស្រី៣០នាក់ និងក្មេង២នាក់. ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សចេញលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ ចំនួន០២នាក់ជាស្ត្រី បន្ទាប់មក ក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន  ហើយចំពោះពលករខ្មែរចំនួន ៤០នាក់ ស្រី១៧នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន  ដោយឡែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កែនអត់ចេញ ចំនួន ២៩នាក់ ស្រី១១នាក់ និងក្មេង០២នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ៕

ដោយ ៖ សាលី