ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈ
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។
លោក ហ៊ុន ម៉ាណែត សូមអរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងវត្តមានរបស់លោកគ្រូអ្នកគ្រូ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញប្រមាណ ៣.៥០០នាក់ ស្របពេលដែលប្រជាជនទូទាំងប្រទេសកំពុងត្រៀមខ្លួនអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក បន្តថា រាល់ការជួបជុំទាំងអស់ យើងនៅបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនវិធានការសុខាភិបាល ទោះបីមកដល់ពេលនេះ យើងអាចជម្នះ និងបញ្ចៀសបាននូវសោដនាដកម្មទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម–សេដ្ឋកិច្ច រហូតមកដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះហើយក៏ដោយ។
លោក បញ្ជាក់ថា ការកសាង និងអភិវឌ្ឍន៍ប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់តួអង្គលោកគ្រូ–អ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឱ្យសិស្សម្នាក់ៗនូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។
លោក បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះមនុស្សជាកាតាលីករនៃកំណើន និងការអភិវឌ្ឍផ្នែកសង្គម–សេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ រួមទាំងទឹក ភ្លើង ផ្លូវ ជាដើម។ បម្រើឱ្យទស្សនវិស័យនេះ ក្រៅពីការខិតខំកសាងសាលារៀននៅទូទាំងប្រទេស គឺកត្តាជីវភាពរបស់គ្រូបង្រៀន តែងត្រូវបានគិតគូរយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ជាប់ជាប្រចាំ៕