Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តប៉ៃលិន បានធ្វើពិធីក្រុងពាលី ស្តូបប្រាងតម្កល់ព្រះពុទ្ធរូប និងអ្នកតាភ្នំខៀវ នៅតំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីស្តូបប្រាងតម្កល់ព្រះពុទ្ធរូប និងអ្នកតាភ្នំខៀវ (ទឹកធ្លាក់អូរតាវ៉ៅភ្នំខៀវ) ដែលស្ថិតនៅរមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើមី្បទុកតម្កល់សម្រាប់ភ្ញៀវទេសចរ និងពុទ្ធបរិស័ទ្ធ គោរពបូជានិងបួងបួសសុំនូវសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី និង បារមី អ្នកគង់ប្រថាប់ថែរក្សាការពារ នៅលើទឹកដីខេត្តប៉ៃលិន។

បន្ទាប់ពីលោកជំទាវអភិបាលខេត្ត និង ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ធ្វើការបូជាទៀន ធូប និង ថ្វាយផ្កាភ្ញី ក្នុងពិធីបួងសួងក្រុងពាលីនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើងដែលបានគោរពបដិបត្តិតរៀងមក។ ក្នុងនោះដែរលោកជំទាវ បាន ស្រីមុំ ក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប៉ៃលិន ជាពិសេសអ្នកតាភ្នំខៀវ និង បារមីលោកយាយយ៉ាត អរុក្ខអរក្សអ្នកតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅភ្នំខៀវនេះ ថែរក្សាថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ សូមជួបតែសេចក្តីសុខ រកស៊ីសមប្រកបដំំណំាចម្ការ និងមានភ្ញៀវទេសចរណ៍មកដំណើរកំសាន្ត នៅខេត្តប៉ៃលិនយើងក្នុងឱកាសបុណ្យចូលឆ្នាំនេះច្រើនកុះករហើយសុខសុវត្ថិភាព។ ម្យ៉ាងវិញទៀតលោកជំទាវអភិបាលខេត្តក៏បានគូសបញ្ជាក់ផងដែរថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បាន ស្រីមុំ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធនានា ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ។ ជាពិសេសផ្លូវចូលទឹកធ្លាក់ ត្រូវបានកែលម្អចាក់កៅស៊ូ និង ចាក់ផ្លូវបេតុងរហូតដល់ទឹកធ្លាក់តែម្តង។