Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធឲ្យប្រើប្រាស់អគារសិក្សា០១ខ្នង នៅអនុវិទ្យាល័យ សោ ហឺ

បាត់ដំបង ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា០១ខ្នង ០៤ជាន់ ស្មើ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នាថែរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសារធារណបានល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងខេត្តបាត់ដំបងរបស់យើងនេះ។

ស្ថិតក្រោមម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការអនុវត្តដ៏ជោគជ័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដែលបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយផែនការយុទ្ធសាស្ត្រផ្សេងៗទៀត ធ្វើអោយកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើននិងមានលក្ខណៈជាប្រវត្តិសាស្ត្រ ហើយឈរលើមូលដ្ឋានសមិទ្ធផលដែលសម្រេចបានកន្លងមក បាននឹងកំពុងជំរុញនិងលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បំពេញការងារយ៉ាងសកម្ម និងស្វាហាប់ ធានាបាននូវនិរន្តរភាពការងារលើគ្រប់វិស័យក្នុងសង្គម បន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ជាមួយនឹងការចាត់តាំងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដោយកំណត់យកអទិភាព គន្លឹះ៥ គឺ ,មនុស្ស .ផ្លូវ .ទឹក .ភ្លើង .និងបច្ចេកវិទ្យា ហើយបន្ទាប់ពីទទួលបាននូវសុខសន្តិភាព ពេញលេញ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចអោយមានភាពល្អប្រសើរតាមរយៈការពង្រឹងភាពប្រកួតប្រជែង ។

ហើយក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្តេចសូមអោយបន្តរួមគ្នាដើម្បីថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ ការពារនូវស្ថាប័នព្រះមហាក្សត្រ ស្ថាប័នជាតិកំពូលរបស់ប្រទេសជាតិយើង ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការគាំទ្រកម្មវិធីនយោបាយ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ទៀត ដោយមិនគាំទ្រនូវសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើអោយប៉ះពាល់ដល់សន្តិភាព .ស្ថិរភាព .ប៉ះពាល់ដល់ដំណើរការប្រក្រតីភាពនៃព្រះរាជាណាចក្រកម្ពុជារបស់យើង. សម្តេចសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ បន្តខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមត្ថភាពដល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងថែមទៀត .ហើយបញ្ហាគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព នូវតែជាគោលនយោបាយមួយដែលវាសមស្រប និងមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដល់សង្គមរបស់យើងទាំងមូល . ជាពិសេសបញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស៕
ដោយ ៖ សាលី